ស្ដែងៗ! បញ្ឆេះម៉ាស៊ីនឡានឆាច់ ស្រាប់តែឆាបឆេះឈុល អ្នកបើកភ័យព្រលឹងចុងសក់ លោតផ្លោះចេញតាមបង្អួច (មានវីដេអូ)

ចិន៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿង បានឆាបឆេះភ្លាមៗនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដែលធ្វើឲ្យអ្នកបើកបរភ័យព្រលឹងចុងសក់ លោតផ្លោះចេញតាមបង្អួចឡានយកព្រះអាយុ។
រូបភាពក្នុងថ្ងៃកើតហេតុ
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២០ សីហា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅទីតាំងស្ថានីយប្រេងឥន្ធនៈ Shell ក្នុងស្រុក Yubei ទីក្រុង Chongqing ប្រទេសចិន ដែលបុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Gong ។ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុបានបង្ហាញឲ្យឃើញថា សុខៗស្រាប់តែរថយន្តដឹកទំនិញធុនតូចមួយគ្រឿង បានឆាបឆេះចេញពីចំណុចខាងក្រោមនៃរថយន្ត ហើយក៏បានបន្តឆាបឆេះដល់ក្នុងរថយន្ត ដែលធ្វើឲ្យលោក Gong ជាអ្នកបើកបរ ភិតភ័យយ៉ាងខ្លាំង ស្ទុះផ្លោះចេញតាមបង្អួចរបស់រថយន្តតែម្តង មុនក្រុមបុគ្គលិកនៅស្ថានីយជួយគ្រប់គ្រងស្ថានភាពនោះបានស្ងប់ស្ងាត់វិញ ដោយប្រើប្រាស់បំពង់បាញ់ពន្លត់អគ្គិភ័យ។
រូបភាពក្នុងថ្ងៃកើតហេតុ
បើតាមការឲ្យដឹងពីអ្នកគ្រប់គ្រងម្នាក់ នៅស្ថានីយប្រេងឥន្ធនៈខាងលើនេះ ឈ្មោះ លោក Sun Jianbiao បាននិយាយថា រថយន្តនេះបានឆាបឆេះ គឺនៅពេលដែលលោក Gong បានបញ្ឆេះម៉ាស៊ីន និងត្រៀមបើកចាកចេញ បន្ទាប់ពីលោកបានចាក់សាំងរួច។
រូបភាពក្នុងថ្ងៃកើតហេតុ
លោក Sun Jianbiao បានបន្ថែមទៀតថា ក្រោយកើតហេតុ ភ្នាក់ងារសេវាពន្លត់អគ្គិភ័យ រួមនឹងមន្រ្តីជំនាញក៏បានធ្វើការស៊ើបអង្កេតលើរឿងនេះ និងបានរកឃើញថា ដោយសាតែ រថយន្តរបស់លោក Gong បានលេចធ្លាយធុងប្រេងសាំង ទើបជាមូលហេតុដែលធ្វើឲ្យឆ្លង ឬឆាបឆេះនៅពេលដែលបញ្ឆេះម៉ាស៊ីនឡានបែបនេះ។ គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ពុំមាននរណាម្នាក់បានរងរបួសនោះឡើយ។ ប៉ុន្តែមិនថាយ៉ាងណា ករណីនេះក៏ស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមទៀតផងដែរ។
ស្ថានីយប្រេងឥន្ធនៈ Shell
យ៉ាងណាមិញ នេះក៏ជាសារមួយដើម្បីជាការជួយដាស់តឿនដល់ម្ចាស់យានយន្តទាំងអស់ គួរណាស់ត្រូវចេះពិនិត្យពិច័្ចយលើយានជំនិះរបស់ខ្លួនឲ្យបានត្រឹមត្រូវ មុននឹងធ្វើការបើកចេញដំណើរផងដែរ (ហ្រ្វាំង ម៉ាស៊ីន ធុងទឹក ឬធុងសាំងជាដើម) ដើម្បីចៀសវាងការកើតមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង៕ទស្សនាវីដេអូខាងក្រោម៖
បុគ្គលិកនៅស្ថានីយប្រេងឥន្ធនៈ Shell