រថយន្ដអាវុធហត្ថក្រុងព្រះសីហនុ បុកម៉ូតូបណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

  • ច័ន្ទ ២៦ សីហា, ២០១៩ ១៥:២១
(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយរថយន្ដមួយគ្រឿង បានបើកបុកម៉ូតូជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាមួយរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់នៅ គ្លីនិកឯកជនមិត្តភាពឃ្លាំងលើ។គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅផ្លូវជាតិលេខ៤ ក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។មន្ត្រីមូលដ្ឋានក្រុងព្រះសីហនុ បានឲដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងរថយន្ត១គ្រឿងម៉ាក NISSAN ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-0185 អ្នកបើកបរឈ្មោះ ហេង សៀអូន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថក្រុងព្រះសីហនុ រស់នៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។សូមបញ្ជាក់ថា រថយន្តបង្កហេតុខាងលើជាកម្មសិទ្ធិរបស់អង្គភាពកងរាជអាវុធហត្ថក្រុងព្រះសីហនុ មានទិសដៅចេញពីបន្ទាយកងរាជអាវុធហត្ថក្រុង ឆ្ពោះទៅសាលាខេត្ត (ដើម្បីដើរល្បាតពេលយប់ ) លុះមកដល់ចំណុចខាងលើ បានបុកនឹងម៉ូតូ ១គ្រឿងម៉ាក HONDA រួមដំណើរគ្នា ២នាក់ជិះបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នឹងម្នាក់ទៀតរបួសធ្ងន់។ជនរងគ្រោះរួមមាន៖*ទី១៖ ឈ្មោះ គីម សូលី អាយុ៣០ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ជាអ្នកបើកបរ*ទី២៖ ឈ្មោះ តូ សេង អាយុ៣៦ឆ្នាំ ជាអ្នករួមតំនើររងរបួសធ្ងន់ធ្ងរ។បច្ចុប្បន្ននេះជនរងគ្រោះទាំងពីរនាក់ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុជាមួយគ្នា។ មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់ថា អ្នកបើកបររថយន្តបង្កហេតុ បាននាំខ្លួនមកកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកជាមួយរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការដោះស្រាយតាម នីតិវិធីច្បាប់ចរាចរណ៏ ចំណែកសាកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តក្រោម៕