បែកធ្លាយ!! លោក Jose Mourinho ចង់ត្រឡប់ទៅដឹកនាំក្លិបយក្សនៅអេស្ប៉ាញវិញ

  • ច័ន្ទ ២៦ សីហា, ២០១៩ ១៦:១០
អេស្ប៉ាញ៖ បើតាមប្រភពក្នុងប្រទេសអេស្ប៉ាញ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho ទំនងអាចនឹងត្រឡប់មកដឹកនាំ Real Madrid វិញ។
លោកJose Mourinho
អតីតអ្នកចាត់ការទូទៅរបស់ Manchester United និង Chelsea រូបនេះមិនទាន់មានតួនាទីនៅក្លិបណាមួយនៅឡើយតាំងពីខែធ្នូ ឆ្នាំទៅដោយតែងតែបង្ហាញមុខញឹកញាប់ក្នុងការវិភាគរបស់ Sky Sports។ ងាកមកមើលក្លិប Real Madrid វិញកំពុងតែមានលោក Zinedine Zidane ជាអ្នកចាត់ការទូទៅ ដោយ ២ប្រកួតដំបូងក្នុងក្របខណ្ឌ La Liga រដូវកាលថ្មី ឈ្នះ១ និងស្មើ១។ យ៉ាងណាក្តី ក្រោយការត្រឡប់មកដឹកនាំវិញ របស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះកាលពីខែមីនា មិនទាន់អាចបង្ហាញទម្រង់លេងឲ្យបានល្អនៅឡើយទេ ខណៈទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ Real Madrid បានចំណាយកញ្ចប់ថវិកាអស់យ៉ាងច្រើនដើម្បីទិញកីឡាករចូល។
លោកZinedine Zidane
បើតាមប្រភពពីសារព័ត៌មាន AS បានឲ្យដឹងថា លោក Mourinho កំពុងតាមដានការអភិវឌ្ឍន៍របស់ Real Madrid ហើយជឿថាគាត់នឹងមានឱកាសមកជំនួសលោក Zidane។ ប៉ុន្តែអ្វីដែលជាបញ្ហារាំងស្ទះដល់ Mourinho ក្នុងការត្រឡប់មកកាន់កីឡដ្ឋាន Santiago Bernabeu វិញនោះគឺកាលពីដឹកនាំពេលមុន រយៈពេល ៣ឆ្នាំ អ្នកចាត់ការទូទៅវ័យ ៥៦ឆ្នាំរូបនេះជួយឲ្យ Real Madrid ឈ្នះបានពាន La Liga តែមួយប៉ុណ្ណោះ។
លោក Jose Mourinho
យើងនឹងរង់ចាំមើលទាំងអស់គ្នាថា តើអ្នកចាត់ការទូទៅដែលមានរហស្សនាម Special One នឹងបន្តអាជីពរបស់ខ្លួនជាមួយក្លិបណាបន្តទៀត?