អ្នកជំនាញនិយាយថា៖ ក្មេងៗដែលញៀនប្រើប្រាស់ទូរស័ព្ទ ប្រឈមមុខនឹងការខូចខួរក្បាល និងជំងឺផ្លូវចិត្តខ្ពស់បំផុត

បរទេស៖ ជាទូទៅ នៅពេលឪពុកម្តាយរវល់នឹងការងារខ្លាំង តែងតែយកទូរស័ព្ទ ឬក៏ iPad ឱ្យកូនលេងព្រោះការធ្វើបែបនេះ មានភាពងាយស្រួល និងកុំឱ្យក្មេងៗរពឹស និងមករំខានជាដើម។ប៉ុន្តែអ្នកជំនាញបាននិយាយថា ការធ្វើបែបនេះគឺមិនល្អនោះទេ ជាក់ស្តែងក្មេងៗដែលញៀនទូរស័ព្ទខ្លាំង អាចប្រឈមមុខនឹងការខូចខួរក្បាល និងមានជំងឺផ្លូវចិត្តខ្ពស់បំផុត។
រូបតំណាង
លោកវេជ្ជបណ្ឌិត Chen Zhicheng បាននិយាយថា កុមារដែលញៀននឹងការប្រើប្រាស់ទូរស័ព្ទ ពិតជាអាចនាំឱ្យមានការខូចខួរក្បាល និងជំងឺផ្លូវចិត្តខ្ពស់បំផុត។ នៅពេលដែលកុមារប្រើប្រាស់ទូរស័ព្ទ ពួកគេមានសិទ្ធិចូលប្រើប្រាស់អ្វីៗទាំងអស់ដែលមាននៅលើអ៊ីនធើណេត។ នោះមានន័យថា ពួកគេប្រឈមមុខនឹងការគំរាមកំហែងតាមអ៊ីនធើណេត រឿង​អាសអាភាស អំពើហឹង្សា និងការជជែកគ្នាលើអនឡាញ ដែលកត្តាទាំងអស់នេះពិតជាប៉ះពាល់ទៅដល់ការលូតលាស់របស់កុមារ និងបំពុលខួរក្បាលរបស់ពួកគេជាខ្លាំង។
រូបតំណាង
ជាក់ស្តែង កុមារដែលចំណាយពេលប្រើប្រាស់ទូរស័ព្ទយូរ ពួកគេនឹងកាត់បន្ថយការទំនាក់ទំនងគ្នាផ្ទាល់មុខ ហើយការធ្វើបែបនេះពិតជាមិនល្អសម្រាប់ការលូតលាស់របស់ក្មេងនោះទេ ព្រោះការទំនាក់ទំនងគ្នាផ្ទាល់មុខ និងការទំនាក់ទំនងគ្នាតាមអ៊ីនធើណេតមានលក្ខណៈខុសគ្នា។នៅពេលក្មេងចំណាយពេលលេងទូរស័ព្ទយូរ ពួកគេនឹងមានការលំបាកក្នុងការទំនាក់ទំនងជាមួយមនុស្សពិតប្រាកដនៅក្នុងជីវិតជាក់ស្តែង។យោងតាមអង្គការសុខភាពពិភពលោក (WHO) បានផ្តល់ជាដំបូន្មានថា ក្មេងអាយុក្រោម ១ឆ្នាំពុំគួរឱ្យប្រើប្រាស់ទូរស័ព្ទនោះទេ ខណៈពេលក្មេងមានអាយុចាប់ពី ១ឆ្នាំ ដល់ ៤ឆ្នាំអាចប្រើប្រាស់ទូរស័ព្ទបានមួយថ្ងៃតែមួយម៉ោងតែប៉ុណ្ណោះ។ដូច្នេះ សូមឪពុកម្តាយគ្រប់រូបគួរតែចំណាយពេលវេលារបស់អ្នកលេងជាមួយកូន ឬក៏រកវិធីអ្វីមួយឱ្យកូនលេង ចៀសជាងឱ្យពួកគេប្រើប្រាស់ទូរស័ព្ទបែបនេះព្រោះវាពិតជាមិនល្អចំពោះខួរក្បាលរបស់ក្មេងៗនោះទេ៕
រួបតំណាង