បុរសម្នាក់បើករថយន្តស៊េរីទំនើបយ៉ាងលឿន បួងចង្កូតមិនទាន់ជ្រុលបុករះដើមឈើ និងបង្គោលភ្លើង បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ

  • អង្គារ ២៧ សីហា, ២០១៩ ០៧:៥៧
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប យ៉ាងលឿនបួងចង្កូតមិនទាន់ជ្រុលបុករះដើមឈើ និងបង្គោលភ្លើងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ តែសំណាងល្អហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នករបួសឡើយ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖៣០នាទីយប់ ចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ R5 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MISUBISHI BAJERO SPORT ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-4491 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយរថយន្តលឿនបួងចង្កូតមិនទាន់ក៏ជ្រុលឡើងឃឿន បុកដើមឈើបណ្ដាលឲ្យដាច់មួយដើម ក៏បន្តទៅបុកបង្គោលភ្លើងចំពេញមួយទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច៕