មិនធម្មតា​ឡើយ​ ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ម្នាក់​នេះ ​ចូល​ក្នុង​ពន្ធនាគារ​ហើយ​ អុកឡុក​អ្នកទោស​ផ្អើល​ពេញ​គុក

  • អង្គារ ២៧ សីហា, ២០១៩ ១០:០៤
ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា លោក តូច សុភ​ក្ដី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ចុះ​ទៅ​ត្រួតពិនិត្យ​ភ្លាម​ៗ​នៅ​ក្នុង​ពន្ធនាគារ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ សីហា​នេះ​ដើម្បី​ធ្វើការ​សាកសួរ​អំពី​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​មួយ​នេះ​លើ​ករណី​ប្រើ​អំពើ​ហិង្សា (​រវាង​អ្នកទោស​ស្រី និង​អ្នកទោស​ស្រី​) បណ្តាល​ឱ្យ​រង​របួស​មនុស្ស​៣​នាក់ និង​ផ្អើល​ពេញ​ពន្ធនាគារ ។
ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ រឿ​ន ចរិយា ជា​មន្ត្រី​សុរិយោដី​ផ្អែក​សំណង់​បាន​ឆ​បោកប្រាក់គេ​អស់​រាប់​សែន​ដុល្លារ​ត្រូវ​ម្ចាស់​គេ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត ស្រាប់តែ​ស្ត្រី​រូប​នេះ​ក្អេងក្អាង​ពេញ​ក្នុង​បន្ទប់​ពន្ធនាគារ​មិន​ខ្លាចញញើត​នរណា​ម្នាក់​ឡើយ ហើយ​ក៏​និយាយ​ឌឺដង​ដាក់​អ្នកទោស​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​លុះ​ប្រកែក​គ្នា​ចុះឡើង​ៗ​បង្ក​ទៅ​ជា​ហិង្សា​ប្រវាយប្រតប់​គ្នា បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​សន្លប់​នៅ​នឹង​កន្លែង​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ។
ប្រភព​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល​ជន​ជាប់​ឃុំ​ឈ្មោះ រឿ​ន ចរិយា ខណៈ​ឈ្លោះប្រកែក​ជាមួយនឹង​ស្ត្រី​ម្នាក់​ឈ្មោះ មាន ស្រី ដោយ​ជេរ​គ្នា​ចុះឡើង​ៗ ក៏​បង្ក​ទៅ​ជា​ការ​វាយតប់​គ្នា ផ្អើល​ក្នុង​ពន្ធនាគារ គឺ​ពួក​គេ​ប្រើ​ដៃ និង​ដៃ​បោច​សក់​គ្នា ហើយ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ជួយ​នោះ​ឡើយ ស្រាប់តែ​ភ្លាម​នោះ​មាន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ សឹង លី​ផា ឃើញ​អ្នក​ទាំង​ពីរ​វាយ​គ្នា​ជាប់​រមូរ​ក៏​ស្ទុះ​ចូល​ទៅ​ជួយ​ចាប់​ឃាត់​បេះ​ចេញ ព្រោះ​ឃើញ​ឈ្មោះ មាន ស្រី ត្រូវ​គេ​វាយ​សន្លប់​នៅ​នឹង​កន្លែង ។
ក្រោយ​ពេល​បង្ក​ហិង្សា​ក្នុង​ពន្ធនាគារ​ឈ្មោះ រឿ​ន ចរិយា រង​របួស​ដៃ​ឆ្វេង​ស្រាល រីឯ​ឈ្មោះ សឹង លី​ផា រង​របួស​ដៃស្ដាំ​ស្រាល​ដែរ កំពុង​ត្រូវ​បាន​គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក លី​ម វាសនា ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា តាំងពី​យូរ​មក​ហើយ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មិន​ធ្លាប់​មានរឿង​អ្វី​កើតឡើង​នោះ​ទេ​ទើបតែ​អ្នកទោស​ស្រី​ម្នាក់​ឈ្មោះ រឿ​ន ចរិយា ជាប់​ឃុំ​នៅ​ទីនោះ ស្រាប់តែ​មាន​បញ្ហា​ជាមួយ​អ្នកទោស​ស្រី​គ្នា​ឯង​តែ​ម្តង ។
លោក​បន្ត​ទៀត​ថា ស្ត្រី​រូប​នេះ​ពិតជា​ក្អេងក្អាង​តាំង​តែ​ពី​នៅ​ខាងក្រៅ​គុក​ម្លេះ ហើយ​មិន​ខ្លាច​នរណា​ម្នាក់​ឡើយ ប៉ុន្តែ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​វាយតប់​គ្នា​នេះ​ខាង​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា មក​ពី​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ​ទេ ខណៈ​កំពុង​តែ​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​ខាង​មន្ត្រី​ជំនាញ​នគរបាល​ស្នងការ​ខេត្ត​កំពុង​រៀបចំ​ឯកសារ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕