ពិតជារំជួលចិត្ត!​ ម្ចាស់ខំប្រឹងនិយាយ និងច្រៀងឲ្យឆ្កែជាទីស្រលាញ់ស្តាប់ នាដង្ហើមចុងក្រោយ ប្រៀបបីដូចសមាជិកមនុស្សក្នុងគ្រួសារ យ៉ាងសែនកក់ក្តៅ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ជាការពិតណាស់ ឆ្កែគឺជាសត្វចិញ្ចឹមមួយប្រភេទ ក្នុងចំណោមសត្វចិញ្ចឹមជាច្រើនផ្សេងទៀត ដែលមានភាពវ័យឆ្លាត និងតែងទទួលបានការស្រលាញ់ថ្នាក់ថ្នមពីម្ចាស់ ប្រៀបបីដូចជាមនុស្សម្នាក់នៅក្នុងសមាជិកគ្រួសារយ៉ាងអីចឹងដែរ។ ដូច្នេះរាល់ការបង់បោះសត្វជាទីស្រលាញ់ប្រភេទនេះ ម្ចាស់ភាគច្រើនតែងតែសម្ដែងការយំសោក រហូតក៏មានម្ចាស់ខ្លះទៀតដល់ថ្នាក់ហ៊ានចំណាយលុយយ៉ាងច្រើនសន្ធឹក ដើម្បីរៀបចំពិធីបូជា (ឬបញ្ចុះ/កប់) ឲ្យវាថែមទៀតផង។
Okey បានងាប់
ជាក់ស្ដែង កាលពីថ្មីៗនេះ ក៏មានវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេបង្ហោះចែកចាយ ដោយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញនឹងសកម្មភាពរបស់ម្ចាស់ឆ្កែ ព្យាយាមនិយាយនិងច្រៀងឲ្យឆ្កែរបស់ខ្លួនស្តាប់ ខណៈដែលវាកំពុងតែដង្ហក់ខ្យល់ ដែលធ្វើឲ្យគ្រប់គ្នាឃើញហើយក្តុកក្តួលរំជួលចិត្តជាខ្លាំង។ បើតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងនៅក្នុងផ្ទះនៃគ្រួសារមួយ ក្នុងប្រទេសកូរ៉េខាងត្បូង ដោយឆ្កែ(ឈ្មោល)ដ៏គួរឲ្យស្រលាញ់នោះ ត្រូវបានគេដឹងថា មានឈ្មោះ Okey ហើយវាបានរស់នៅក្នុងគ្រួសារមួយនោះ អស់រយៈពេល១៦ឆ្នាំមកហើយ។ វាគឺជាពេលវេលាដ៏សោកសៅ ដែលនៅទីបំផុតកូនឆ្កែជាទីស្រលាញ់ Okey បានងាប់ទៅដោយសារតែជំងឺ និងបន្សល់ទុក​ត្រឹមក្តីអាឡោះអាល័យដល់ម្ចាស់របស់វា ស្រែកយំយ៉ាងសោកស្តាយបំផុត។ ជាក់ស្ដែង ក្នុងវីដេអូឃ្លីបនាថ្ងៃងាប់របស់ Okey វិញ គេឃើញថា Okey ហាក់ដង្ហក់ខ្យល់ (ឬដកចង្កាមាន់) យ៉ាងខ្លាំង។ ហើយនៅគ្រានោះ ម្ចាស់ស្រីរបស់វា ក៏បាននិយាយនូវពាក្យពេចន៍ជាច្រើនទៅកាន់វា និងថែមទាំងបានច្រៀងឲ្យវាស្តាប់ថែមទៀតផង ក្នុងកាយវិការពោរពេញដោយភាពកក់ក្តៅ។ម្ចាស់របស់វាបាននិយាយទៅកាន់វាថា នាងពិតជាស្រលាញ់ Okey ខ្លាំងណាស់។ ហើយនាងក៏បានសួរទៅកាន់ Okey ដែរថា តើឮសំឡេងរបស់នាងនិយាយដែរទេ? ខណៈដែល Okey ដ៏សែនឆ្លាតនោះ ក៏បានងក់ក្បាលផងដែរ។
Okey បានងាប់
នាងក៏បានបន្តនិយាយដដែលៗទៀតថា នាងពិតជាស្រលាញ់ Okey ណាស់ និងបានអរគុណវាចំពោះពេលវេលាកន្លងមក ដែលបានរស់នៅជាមួយគ្នា។ នាងក៏បានសុំឲ្យ Okey ទៅឲ្យបានសុខ ហើយអ្នកគ្រប់គ្នានៅទីនេះ នឹងស្រលាញ់ចង់ចាំ Okey ជានិច្ច។ ក្រោយរយៈពេលប្រមាណជា ៣នាទីក្រោយមក នៅទីបំផុត Okey ក៏បានងាប់ ដែលធ្វើឲ្យសម្រែកស្រែកយំនៅក្នុងគ្រួសារម្ចាស់របស់វា បានបន្លឺឡើងដោយក្តីក្តុកក្តួលជាពន់ពេក។ ក្រោយមក Okey ក៏ត្រូវបានម្ចាស់របស់វារៀបចំធ្វើពិធីបញ្ចុះឲ្យវាផងដែរ។ អ្នកលេងបណ្តាញសង្គមជាច្រើន ក្រោយបានទស្សនាវីដេអូឃ្លីបនេះរួច ពួកគេក៏បានសម្ដែងក្តីទុក្ខសោក និងសោកស្តាយ ចំពោះការបាត់បង់សត្វចិញ្ចឹមជាទីស្រលាញ់របស់ម្ចាស់ផ្ទះខាងលើនេះ ព្រោះថាសត្វក៏ជាចំណែកក្នុងគ្រួសារដ៏មានតម្លៃ ដូចជាមនុស្សយើងផងដែរ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​ទស្សនាវីដេអូខាងក្រោម៖