ល្បិចក្រុមអ្នកចងការប្រាក់នៅម៉ាឡេស៊ី! គំរាមចាប់ធ្វើនារីបម្រើផ្លូវភេទ បើមិនសង ទាំងមិនបានខ្ចីសោះ

ម៉ាឡេស៊ី៖ គេច្រើនតែនិយាយថា មិនត្រូវខ្ចីប្រាក់ពួកអ្នកចងការប្រាក់នោះទេ ព្រោះវាងាយស្រួលខ្ចីពិតមែន ប៉ុន្តែក៏មានគ្រោះថ្នាក់ខ្លាំងណាស់ដែរ។ជាក់ស្តែង មានស្រី្តម្នាក់មាននាមត្រកូល Wong អាយុ ២៨ឆ្នាំ រស់នៅក្នុងប្រទេសម៉ាឡេស៊ី បានទៅសាកសួរព័ត៌មានទាក់ទិនទៅនឹងការខ្ចីប្រាក់ ដោយនាងប្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់នាងទៅអ្នកចងការប្រាក់នោះ។ ប៉ុន្តែ ព្រោះតែការប្រាក់ខ្ពស់ខ្លាំងពេក ចុងក្រោយនាងក៏មិនបានខ្ចីប្រាក់ពួកគេនោះទេ។កំហុសធំរបស់នាងនោះគឺថា នាងបានប្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់នាង រួមទាំងគណនីធនាគារទៅពួកអ្នកចងការប្រាក់ទាំងនោះ នៅពេលពួកគេសុំព័ត៌មានពីនាង។យ៉ាងណាមិញ ក៏មានអ្នកចងការប្រាក់ម្នាក់ឈ្មោះ Sie បានផ្ញើប្រាក់ចូលគណនីធនាគាររបស់នាងចំនួន ៣,០០០រីងហ្គីត (៧០៨ដុល្លារ) ដោយមិនបានសុំការយល់ព្រមពីនាងនោះទេ។
នាង Wong
នាង Wong បាននិយាយថា៖ក្រោយមក មិនយូរប៉ុន្មាន ក៏មានបុរសម្នាក់ទៀតឈ្មោះ Lim បានទាក់ទងនាង​ ដោយប្រាប់នាងថា គេបានផ្ញើប្រាក់ចំនួន ២,៥០០រីងហ្គីត (៥៩៤ដុល្លារ) ចូលក្នុងគណនីធនាគាររបស់នាង។ ហើយនាងត្រូវតែសងប្រាក់ទាំងការទាំងដើមវិញចំនួន ៤,៤០០រីងហ្គីត (១,០៤៥ដុល្លារ) ក្នុងរយៈពេល ២សប្តាហ៍។បន្ថែមពីនេះទៀត គេក៏បានគំរាមថា ប្រសិនបើនាងគ្មានប្រាក់សងនោះទេ គេនឹងចាប់នាងធ្វើជានារីបម្រើផ្លូវភេទហើយ។យ៉ាងណាមិញ នាងពុំបានប៉ះពាល់ប្រាក់ទាំងនោះទេ។ នាងក៏បានប្តឹងសមត្ថកិច្ចទាក់ទិនទៅនឹងករណីមួយនេះ។ បច្ចុប្បន្ន សមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេត និងបានផ្តល់ជាដំបូន្មានទៅកាន់មនុស្សទូទៅថា មិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅពួកអ្នកចងការប្រាក់ទាំងនោះទេ ហើយនៅលើលោកនេះ ក៏គ្មានប្រាក់ណាបានមកដោយស្រួលៗនោះដែរ៕