អាសូរប្រពន្ធ​បានត្រឹមបីកូន​មកទ្រហោ​យំ​ឱប​សព​ប្តីក្បែរ​ខ្លោងទ្វារវត្តពោធិញាណ​

  • អង្គារ ២៧ សីហា, ២០១៩ ១៦:៤១
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗនៅនឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​រថយន្ត​ស្ទូច​មួយ​គ្រឿង​បើក​ឡើង​ចំណោត​មិន​រួច ហើយ​ដាច់​ហ្វ្រាំង​រអិល​ថយក្រោយ បណ្តាល​ឱ្យ​កិន​ជន​រង​គ្រោះ​នៅ​ចំណុច​​ខ្លោង​​ទ្វារ​វត្ត​អង្គ​ពោធិញាណ ស្ថិត​ក្នុងភូមិ​ឫ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ។ជន​រង​គ្រេ​ាះ​ដែលស្លាប់​​ឈ្មោះ គ្រួ​ច ភារ​ម្យ ភេទប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ​ជាអ្នក​បើកបរ​​ម៉ូតូ​​​មួយគ្រឿង​​ម៉ាកភីស៊ីអិច ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១FT-៩៦៣១ ។ចំណែក​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ស្ទូច ពាក់ស្លាកលេខ​ ភ្នំពេញ ៣D-៩៨២៣ អ្នកបើកបរ​មិនស្គាល់​អត្ត​សញ្ញាណនោះទេ ត្រូវសមត្ថកិច្ច​ចាប់ឃាត់ខ្លួន​។យោង​តាម​ប្រភព​ព័​ត៌​មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា មុន​​កើតហេតុ គេ​​ឃើញ​រថយន្ត​ស្ទូច​ខាងលើ​​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​​បើក​​ឡើង​ចំណោត​​ទៅ​កាន់​ផ្លូវ​លេខ​៣៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​ពេលរថយន្តស្ទូច​​បើក​ឡើង​ចំណោត​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​នោះ ស្រាប់តែ​ដាច់ហ្វ្រាំង​រអិលថយក្រោយកិន​បុរស​រង​គ្រោះដែល​កំពុង​បើកបរ​​ម៉ូតូ​ធ្វើ​ដំណើរ​​ពីក្រោយ​រថយន្ត​ក្នុង​គោល​បំណង​ឡើងចំណោត​​ទៅ​កាន់​ផ្លូវ​លេខ​៣៧១​ដូច​គ្នា​នោះ​ បណ្តាល​អោយ​អ្នក​បើកបរ​​ម៉ូតូ​​ស្លាប់​បាត់បង់​ជីវិតនៅ​ក្រោម​​​រថយន្ត​ស្ទូច​តែ​ម្តង ។​តាមប្រភពដដែល​បាន​ឱ្យ​ដឹង​បន្ត​ថា ពេលនោះ​គេ​ស​ង្គេ​ត​ឃើញ​មាន​កម្លាំង​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង​អូស​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រេ​ាះ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​តាម​នីតិវិធី​ ។ ចំណែក​​អ្នក​បើកបរ​រថយន្ត​បង្ក​ក៏​ត្រូវ​ឃាត់ខ្លួន​ទៅ​ជាមួយ​ផង​ដែរ​។ក្រោយ​កើតហេតុ សមត្ថកិច្ច​​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារនិង​​សាច់ញាតិ​របស់ជនរងគ្រោះ​ផងដែរ បន្ទាប់មក​គេ​​ឃើញ​វត្តមាន​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​បីកូន​ប្រុស​តូច​អាយុ​ទើបតែ​១​ខួប​កន្លះ​មក​អង្គុយស្រែក​​ទ្រ​ហោ​យំ​ឱប​សព​​​ប្តី​​ មើលទៅ​គួរ​អោយ​សង្វេគ ​ហើយអ្វីគួរ​ឱ្យ​​អាសូរ​បំផុត​​នោះគឺ​​កូនប្រុស​តូច​ដែល​មិនដឹង​ថា ​ឪពុក​បាន​ស្លាប់​ទៅ​ហើយ​​នោះ។ ​បច្ចុប្បន្ន​សព​បុរស​រង​គ្រេ​ាះ​ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​​ឱ្យ​​ក្រុម​គ្រួសារនិង​​សាច់ញាតិ​ដឹក​តាម​រថយន្ត​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ស្ថិត​ក្នុង​ខេត្តព្រៃវែង ៕