បើកឡានសុខៗស្រាប់តែងងឹតមុខ ពន្លះខ្ទេច​ទាំង​ព្រឹក​

  • ពុធ ២៨ សីហា, ២០១៩ ០៩:២២
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​បឋមបាន​ឱ្យ​ដឹង​ថា មានករណី​បុរសម្នាក់​បើកបរ​រថយន្ត​មួយគ្រឿងកំពុងធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​ងងឹតមុខ​​រួចជ្រុលចង្កូត​ទៅ​​បុកម៉ូតូ​ចំនួន​២គ្រឿង ​បន្ទាប់​មក​បុក​ដើមឈើ​មួយដើមទៀត បណ្តាល​ឱ្យ​រថយន្ត​ក្រពឹតមុខ​ខ្ទេច ហើយពោងទាំង២ត្រូវបាន​ផ្ទុះ ។
ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង​៧​និង​​៣០នាទីព្រឹកថ្ងៃទី​២៨ សីហា ​នៅ​ចំណុច​​មុខមជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ប៊ូយ៉ុង តាម​បណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិត​ក្នុង​ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ ។រថយន្ត​​មួយគ្រឿង​ខាងលើ​ម៉ាកកាមរី​ឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ ២D-២៤០៣ បើកបរ​ដោយ​បុរស​ម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
តាម​ប្រភពពីនគរបាល​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គេឃើញ​​បុរសម្នាក់បើកបរ​ថយន្តមួយគ្រឿង​ខាងលើ បានធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ​លុះ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​អ្នកបើកបរ​មានអាការៈលើសឈាម និង​ងងឹតមុខ ហើយ​ក៏ជ្រុលចង្កូតទៅ​បុក​ពីក្រោយម៉ូតូ​ចំនួន​២គ្រឿងខ្ទាតមក​ចិញ្ចើម​ផ្លូវ បន្ទាប់មក​រថយន្ត​ក៏ជ្រុលទៅបុក​ដើម​ក្ងោក​មួយដើម​ទៀត​ បណ្តាល​ឱ្យ​​រថយន្ត​រួញមុខខ្ទេច​ជាប់​ជាមួយដើម​ក្ងោកតែម្តង។ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕