ផ្អើល​ឆោឡោ​ពេញ​លើ​ស្ពាន​អាកាស​ក្រោយ​លោកគ្រូ​ម្នាក់​គាត់​ធ្វើទុក្ខ

  • ពុធ ២៨ សីហា, ២០១៩ ១០:៣១
រាជធានី​ភ្នំពេញ ៖ គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​មក​ពីសា​លា​វិញ​វិលមុខ​ដួល​សន្លប់​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ត្រូវ​បាន​អ្នក​រួម​ដំណើរ​ដឹក​តាម​រ៉ឺ​ម៉ក​កង់​បី​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ស្ថិត​នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ។ជន​រង​គ្រោះ​មានឈ្មោះ ប៉ែន ខេ​មក​រា ភេទ​ប្រុស អាយុ​60​ឆ្នាំ មុខរបរ​គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា រស់នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ទឹកក្រូច ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GA -6803 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ខាង​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ទឹកក្រូច​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​បាន​ដួល​សន្លប់​ស្តូកស្តឹង​តែ​ម្តង​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លើ​ស្ពាន​អាកាស​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម និង​មាន​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​បាន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ដោយ​មិន​គិតថ្លៃ​ឈ្នួល ។តាម​សំដី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ទើប​ត្រឡប់​មក​ពីសា​លា ដោយ​ជន​រង​គ្រោះ​ខាងលើ​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា មហារីក​បំពង់​.​ក និង​ជំងឺលើសឈាម តែងតែ​ធ្វើទុក្ខ​ម្តង​ៗ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕