រំជួលចិត្ត! ឪពុកតែងខ្លួនជា Spider Man តាមស្វែងរកកូនប្រុស ដែលត្រូវបានគេចាប់ពង្រាត់យកទៅ... (មានវីដេអូ)

ចិន៖ បុរសជាឪពុកជនជាតិចិនម្នាក់ បានបង្ហាញឆន្ទៈយ៉ាងមោះមុតបំផុត ដោយសុខចិត្តស្លៀកពាក់ឈុតជាមនុស្សពីងពាង ឬ Spider Man ដើម្បីតាមស្វែងរកកូនប្រុស ដែលត្រូវបានគេចាប់ពង្រាត់យកទៅតាំងពីតូច។
លោក Wu តែងខ្លួនជា Spiderman
បុរសជាឪពុកខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Wu Xinghu មានអាយុ ៣៩ឆ្នាំ រស់នៅក្នុងខេត្ត Shaanxi ប្រទេសចិន។ តាមការឲ្យដឹងពីលោក Wu បាននិយាយថា លោកបានបាត់កូនប្រុសតាំងតែពីគេនៅតូចមកម៉្លេះ។ ពោលគឺ កំឡុងខែធ្នូ ឆ្នាំ២០០៨ ខណៈបើគិតមកទល់ពេលនេះ រយៈពេល១១ឆ្នាំហើយ។
លោក Wu តែងខ្លួនជា Spiderman
លោកបានឲ្យដឹងទៀតថា កូនប្រុសរបស់លោក គឺត្រូវបានពួកទុច្ចរិត (ពួកឈ្មួញជួញដូរមនុស្ស) ចាប់យកទៅទាំងនៅក្នុងផ្ទះ គ្រាដែលគ្រួសារលោកកំពុងតែសម្រាក។
លោក Wu និងកូនប្រុសដែលបាត់ទៅ
លោក Wu ថា លោកក៏បានរាយការណ៍ដំណឹងនេះ ឲ្យមន្រ្តីប៉ូលិសជួយធ្វើអន្តរាគមន៍ ស្វែងរកកូនរបស់លោកផងដែរ។ ប៉ុន្តែប៉ូលិសបដិសេធលើការស៊ើបអង្កេតក្នុងករណីនេះ ដែលជាហេតុធ្វើឲ្យគ្រួសារលោកបង្ខំចិត្តស្វែងកូនប្រុសដែលបាត់ទៅនោះដោយខ្លួនឯង។ លោក Wu បន្តទៀតថា បងប្អូនប្រុសសាច់ថ្លៃរបស់លោកម្នាក់ ក៏ថែមទាំងបានស្លាប់បាត់បង់ជីវិតទៀត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារតែតាមស្វែងរកកូនរបស់លោក។ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនប្រុសរបស់លោក Wu មានឈ្មោះថា Wu Jiacheng កើតនៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០០៧ ហើយត្រូវបានគេចាប់យកទៅនៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០០៨។ ក្រោយកូនប្រុសត្រូវបានគេចាប់យកទៅ លោក Wu និងភរិយា កើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង។
លោក Wu តែងខ្លួនជា Spiderman
ប៉ុន្តែមិនថាយ៉ាងណា លោក Wu ក៏បានតស៊ូប្រកូសប្រកាសស្វែងរកកូនប្រុស ទាំងមិនរាថយផងដែរ។ ក្នុងរយៈពេលជាង១ទសវត្សរ៍ (១០ឆ្នាំ) មកនេះ លោក Wu បានធ្វើដំណើរជាង ៨,០០០គីឡូម៉ែត្រ ឆ្លងកាត់ទីក្រុងជិត៦០ហើយ ក្នុងប្រទេសចិន ដើម្បីស្វែងរកកូនប្រុស។ ពោលគឺ លោកបានឆ្លងកាត់៦០ទីក្រុង ក្នុងខេត្តចំនួន១៥ តាមរយៈរថភ្លើង និងឆ្លងកាត់ចំនួន៣៤ទីក្រុង ក្នុងខេត្តចំនួន៦ផ្សេងទៀត តាមរយៈការជិះឆៃកែវ (ស្រដៀងស៊ីក្លូ) ដើម្បីស្វែងរកកូនប្រុសសំណព្វចិត្ត។ក្នុងនោះផងដែរ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ លោក Wu បានស្លៀកពាក់នូវឈុត Spider Man ដែលធ្វើឲ្យគ្រប់គ្នាហាក់ភ្ញាក់ផ្អើលនឹងលោកទៀតផង។
លោក Wu តែងខ្លួនជា Spiderman
យ៉ាងណាមិញ ចំពោះមូលហេតុដែលលោក Wu សម្រេចចិត្តស្លៀកពាក់បែបនេះ លោកបានទម្លាយឲ្យដឹងថា ដោយសារតែកូនប្រុសរបស់លោកចូលចិត្តតួអង្គមនុស្សពីងពាង ឬ Spiderman នេះ ទើបបានជាលោកបង្ខំចិត្តធ្វើបែបនេះ និងដោយសង្ឃឹមថា រូបលោកនឹងអាចងាយស្វែងរកកូនប្រុសឃើញនៅថ្ងៃណាមួយជាមិនខាន បើទោះបីជាពេលនេះពុំទាន់ទទួលបានដំណឹងអ្វីក៏ដោយ។បន្ថែមលើនេះ លោក Wu ក៏តែងតែទិញសម្លៀកបំពាក់រងាទុកសម្រាប់កូនប្រុសរបស់លោកជារៀងរាល់ឆ្នាំ ក្នុងខែរងាទៀតផង ព្រោះតែលោកព្រួយខ្លាចកូនរបស់លោកដែលបាត់ទៅនោះរងា។ ហើយលោកនៅតែនឹកដល់កូនប្រុសជានិច្ច។
លោក Wu តែងខ្លួនជា Spiderman
លោក Wu បានបន្ថែមចុងក្រោយថា ស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសាររបស់លោក តែងត្រូវចំណាយអស់ជាច្រើនចំពោះដំណើរស្វែងរកកូនប្រុសនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោកនៅតែបន្តបេសកម្មនេះមិនរាថយឡើយ ទោះពេលខ្លះមានក្តីសង្ឃឹមតិចតួចក្នុងការស្វែងរកកូនប្រុសឃើញក៏ដោយ៕​តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​ទស្សនាវីដេអូខាងក្រោម៖
លោក Wu តែងខ្លួនជា Spiderman
លោក Wu