រថយន្ដដឹកប្រេងខ្មៅជួបគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យហូរប្រេងពេញថ្នល់, សមត្ថកិច្ចផ្អាកចរាចរណ៍បណ្ដោះអាសន្ន

  • ពុធ ២៨ សីហា, ២០១៩ ១៣:០៩
(កំពង់ស្ពឺ)៖ រថយន្ដដឹកប្រេងខ្មៅមួយគ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយដឹកថ្ម នៅចំណុចគីឡូម៉ែត្រលេខ១០៣-១០៤ កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាកនោះទេ។ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា បើទោះបីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះ ប៉ុន្ដែរថយន្ដដឹកប្រេងខ្មៅ បានធ្លាយស៊ីទែន បណ្ដាលឲ្យហូរប្រេងពាសពេញផ្លូវ មិនអាចឲ្យរថយន្ដផ្សេងទៀតធ្វើចរាចរណ៍បាននោះទេ។លោកស្នងការបានគូសបញ្ជាក់ថា ដើម្បីបញ្ចៀសគ្រោះថ្នាក់បន្ដទៀត លោកបានសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ហើយលោកបានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីទៅបាញ់សម្អាតផ្លូវនៅតំបន់ខាងលើ។ប៉ុន្ដែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ស្នងការ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ខាងលើ ត្រូវវាងផ្លូវជាបណ្ដោះអាសន្ន ដើម្បីកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដោយសាររអិលប្រេងដែលបានធ្លាយចេញ៕