ទាំង​ដើម​ទាំង​ចុង​កំពុង​សួរ​នៅ​ខណ្ឌ​…​ករណី​​លោកគ្រូ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់

  • ពុធ ២៨ សីហា, ២០១៩ ១៣:០៧
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​​បន្តឱ្យដឹងទៀត​ថា មកដល់​ម៉ោង១១ព្រឹកថ្ងៃទី​២៨ សីហា នេះ ស្ត្រី​ជា​ប្រពន្ធ​​ដើមនិង​នារីសង្សារ​ដែលជាប្រពន្ធចុង​របស់ជនរងគ្រោះ​ដែលស្លាប់ ​គឺ​បាននិងកំពុង​សាកសួរនៅ​​ក្នុង​អធិការដ្ឋាន​ខណ្ឌសែនសុខនៅឡើយ​ ​ដែលគេមិនទាន់​ដឹង​ច្បាស់នោះទេ ជុំវិញ​លើករណីខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ជនរងគ្រោះ​កាលពីយប់មិញនេះ​ ។ ​ទាក់ទិនករណីខាងលើ​ យោងតាមសមត្ថកិច្ចបានឱ្យកោះសន្តិភាព​ដឹង​ថា ​នៅ​មុនពេលមានហេតុការណ៍​បាញ់​សម្លាប់​​ជនរងគ្រោះ​ខាងលើ គឺគាត់​(ជនរងគ្រោះ​)បាននិងកំពុង​ផឹក​ស៊ី​​ជាមួយ​ខាងប្រ​ពន្ធចុង​ មានគ្នា៧-៨​នាក់​នៅ​​ឯព្រែកលៀប ។ ពេលនោះ​ ជនរងគ្រោះ​ក៏​មាន​ទូរស័ព្ទ​ខលមកខាងប្រពន្ធដើម​​ថា «​កូន​ចង់​ញ៉ាំអី​…​»។ ក្រោយពីជនរងគ្រោះ​​ទទួលទូរស័ព្ទរួច ហើយនៅពេល​ចប់ផឹកស៊ី​ ក៏​​ជិះម៉ូតូ​ត្រឡប់មកផ្ទះ​ខាង​ប្រពន្ធ​ ដើម​វិញ​ ដោយគាត់​បាន​ទិញ​​របស់ញ៉ាំ (ពងទាកូន១០និងដូង)ព្យួរនៅដៃម៉ូតូ ​។ ប៉ុន្តែ​ នៅពេលជនរងគ្រោះ​ជិះម៉ូតូមិនទាន់​ដល់ផ្ទះ​ប្រពន្ធដើម​ផង ក៏​មានខ្មាន់កាំភ្លើង​លបបាញ់ប្រហារជីវិត​​តែម្តង ។​​សមត្ថកិច្ច​ឱ្យ​ដឹង​ទៀតថា ​រវាង​ជនរងគ្រោះ​និងប្រពន្ធដើម ការរស់នៅ​មិនសូវ​ចុះសម្រុងនឹងគ្នា តែយ៉ាង​ណា​នោះ ពួកគាត់​នៅទំនាក់ទំនង និងទៅមករកគ្នា​ជាធម្មតា ។ ឯប្រពន្ធចុងជាមួយជនរងគ្រោះ​ គឺទើបតែ​មាន​ភាពស្អិតរបួស​រយៈ​៧-៨ខែនេះប៉ុណ្ណោះ ។ សូមបញ្ជាក់​ ជន​រង​គ្រោះ​​ឈ្មោះ រឿ​ន រតៈនា​ អាយុ​៣៣​ឆ្នាំ ជា​គ្រូ​បង្រៀន​ថ្នាក់​ទី​៩ ​នៅ​វិទ្យា​យ​ទួល​ប្រាសាទ​សែន​សុខ (​ស្លាប់)។ ប្រពន្ធដើមឃឿង ស៊ីហ័ង អាយុ​២៦ឆ្នាំ និង​ប្រពន្ធ​ចុងឈ្មោះស្រីទូច។ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត។