Man UTD យល់ព្រមឲ្យ Sanchez ទៅ Inter Milan ហើយ ប៉ុន្តែនៅមិនទាន់ឯកភាពគ្នារឿងមួយ

  • ពុធ ២៨ សីហា, ២០១៩ ១៤:៣៤
អង់គ្លេស៖ Manchester United បានយល់ព្រម ក្នុងការដាក់ខ្សែប្រយុទ្ធ Alexis Sanchez ទៅឲ្យ Inter Milan ខ្ចីជើងហើយ។ អ្នកចាត់ការទូទៅរបស់ Inter Milan លោក Antonio Conte ជឿថានឹងអាចនាំយក Sanchez មកដល់ទឹកដីអ៊ីតាលីឲ្យបានមុនទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទ។
កីឡាករAlexis Sanchez
បើសិនជាការខ្ចីជើងនោះកើតឡើងមែន Sanchez នឹងត្រូវចាប់ដៃគ្នាជាមួយមិត្តរួមក្រុមចាស់ Romelu Lukaku ដែលផ្លាស់ទៅ Inter Milan ក្នុងតម្លៃខ្លួន ៧៤លានផោន។ យ៉ាងណាមិញ Inter មិនបានយល់ព្រមលក្ខខណ្ឌទិញផ្ដាច់ Sanchez នៅពេលចប់កិច្ចសន្យាខ្ចីជើងនោះទេ។ Sanchez បានផ្លាស់មកកាន់កីឡដ្ឋាន Old Trafford រយៈពេល ១៩ខែហើយ ក្រោយចាកចេញពី Arsenal កាលពីខែមករា ឆ្នាំ២០១៨ ដោយអាចរកគ្រាប់បាល់បាន ៥គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនសរុប ៤៥ប្រកួតឲ្យបិសាចក្រហម។ អ្វីដែលជាបញ្ហាក្ដៅដែលធ្វើឲ្យអនាគតរបស់ Sanchez នៅ Man UTD រង្គោះរង្គើនោះគឺ គេអាចរកគ្រាប់បាល់បានត្រឹមតែ ១គ្រាប់ប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League។
កីឡាករ Alexis Sanchez
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មីនេះអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ហាក់មានបំណងចង់ផ្ដល់ឱកាសឲ្យខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ដែលលោកតែងតែផ្លាស់ប្ដូរគេចូលលេងទាំង ៣ប្រកួតសម្រាប់រដូវកាលថ្មីនេះ ខណៈ Sanchez មិនទាន់បានចូលលេងនៅឡើយ៕