ក្ដុកក្ដួល! បុរសម្នាក់ធ្វើឲ្យពិធីបុណ្យសពគូដណ្ដឹង ក្លាយទៅជាពិធីមង្គលការដ៏ក្រៀមក្រំ (មានវីដេអូ)

វៀតណាម៖ គូស្នេហ៍មួយគូ ជិតដល់ថ្ងៃរៀបការទៅហើយ បែរជាកូនក្រមុំត្រូវស្លាប់ បន្សល់ទុកឲ្យកូនកំលោះក្រៀមក្រំចិត្តក្នុងថ្ងៃពិធីបុណ្យសព។ប្រភពបានឲ្យដឹងថា កូនកំលោះឈ្មោះ Dang Thien An ត្រូវជាគូដណ្ដឹងនឹងនារីម្នាក់មិនត្រូវបានបញ្ចេញអត្តសញ្ញាណ ហៅ D។ ពួកគេទាំងពីរមានអាយុ២៥ឆ្នាំដូចគ្នា។ ពួកគេបានចាប់ផ្ដើមស្រលាញ់គ្នាតាំងពីរៀននៅថ្នាក់សាកលវិទ្យាល័យជាមួយគ្នាមកម៉្លេះ។ នៅក្នុងឆ្នាំ២០១៧ ពួកគេបានផ្លាស់ទៅធ្វើការនៅក្នុងប្រទេសជប៉ុនជាមួយគ្នា។ ប៉ុន្ដែនាង D បានវិលត្រលប់មកប្រទេសវៀតណាមវិញកាលពីប៉ុន្មានខែកន្លងទៅនេះ ដើម្បីត្រៀមរៀបចំពិធីមង្គលការដែលនឹងមកដល់នាពេលខាងមុខ។ នៅសល់ត្រឹមតែមួយខែទៀតប៉ុណ្ណោះ ពួកគេទាំងពីរនឹងរៀបការជាមួយគ្នា ប៉ុន្ដែជាអកុសល នាង D ត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។
លោក Dang និងគូដណ្ដឹង
ប្រភពបានបន្ដថា ដោយការចៃដន្យ លោក Dang ដែលកំពុងធ្វើការនៅប្រទេសជប៉ុន បានឃើញវីដេអូ Live នៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសវៀតណាម និងថែមទាំងឃើញគ្រួសាររបស់នាង D កំពុងស្រែកយំទៀតផង។ ក្រោយមក ដើម្បីបញ្ជាក់ការពិត លោក Dang បានទូរស័ព្ទទៅខាងគ្រួសារនាង D ទើបដឹងថា នាង D បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បាត់ទៅហើយ។ លោក Dang បានទិញសំបុត្រយន្ដហោះធ្វើដំណើរទៅប្រទេសវៀតណាមវិញ ដើម្បីចូលរួមពិធីបុណ្យសពគូដណ្ដឹងរបស់លោកដែលប្រារព្ធធ្វើឡើងនៅយប់ថ្ងៃអាទិត្យទី២៥។យ៉ាងណាក៏ដោយ នៅពេលដែលលោក Dang មកដល់ លោកបានធ្វើឲ្យពិធីបុណ្យសព ក្លាយទៅជាពិធីមង្គលការដ៏ក្រៀមក្រំមួយ ដោយទាញចិញ្ចៀនរៀបការមួយវង់ដាក់ចំពីមុខរូបថតគូដណ្ដឹង និងមួយវង់ទៀតបំពាក់ឲ្យខ្លួនឯង។ បន្ទាប់មក លោកបានច្រៀងបទចម្រៀងមួយបទចេញពីក្រអៅបេះដូង ដែលលោកបានត្រៀមសម្រាប់ថ្ងៃមង្គលការ ធ្វើឲ្យភ្ញៀវជុំវិញនោះស្ទើរតែទប់ទឹកភ្នែកមិនបាន៕ សូមទស្សនាវីដេអូខាងក្រោម៖
លោក Dang ក្នុងពិធីបុណ្យសព
លោក Dang ក្នុងពិធីបុណ្យសព