ថៅកែផលិតឡេខុសច្បាប់ជិត៣តោន ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យត្រឡប់ទៅផ្ទះវិញ រង់ចាំជំនុំជម្រះពេលក្រោយ

  • ពុធ ២៨ សីហា, ២០១៩ ១៥:២៣
(ភ្នំពេញ)៖ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានសម្រេចឲ្យស្ត្រីជាថៅកែរោងចក្រផលិត និងវេចខ្ចប់ឡេខុសច្បាប់ម្នាក់ ត្រឡប់ទៅផ្ទះវិញហើយ រង់ចាំជំនុំជម្រះនៅពេលក្រោយ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។ នេះបើយោងតាមការបញ្ជាក់ពី លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ។បើតាមអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយបើកការស៊ើបសួររួចមក លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានសម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿងផលិត និងជួញដូរឡេដោយខុសច្បាប់ប្រមាណជិត៣តោននេះ ទៅជូនចៅក្រមបើកសវនាការ ជំនុំជម្រះផ្ទាល់។ ដោយឡែកជនត្រូវចោទ ត្រូវលោក ហ៊ឹង ប៊ុនថន ដោះលែងឱ្យទៅផ្ទះវិញសិន រង់ចាំថ្ងៃចូលខ្លួនមកសវនាការដែលមិនដឹងថាថ្ងៃណា ឱ្យពិតប្រាកដនោះឡើយ។សូមជម្រាបជូនថា ស្ត្រីត្រូវចោទឈ្មោះ សាន ហុងថន អាយុ៣២ ឆ្នាំ មុខរបរ លក់ឡេ ស្នាក់នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រី នៃស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង ខាំ សុផារី ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មផលិត វេចខ្ចប់ និងចែកចាយឡេមួយកន្លែង មានទីតាំងផ្ទះលេខ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ សមត្ថកិច្ចបានរឹបអូសវត្ថុតាង និងវត្ថុធាតុផ្សុំផលិតឡេដោយខុសច្បាប់ប្រមាណជាង ២,៧០០គីឡូក្រាម៕