និស្សិតស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូអូសជាច្រើនម៉ែត្រ នៅខណ្ឌសែនសុខ

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ០៧:៥៨
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនដូចហោះទៅបុកម៉ូតូមួយគ្រឿងពេញមួយទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅខណ្ឌសែនសុខ។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១០០៣កែងផ្លូវលេខ១៩៨២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពនារីរងគ្រោះឈ្មោះ ណុប ពិសី អាយុ២៣ឆ្នាំ ជានិស្សិតជំនាញសេដ្ឋកិច្ចឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងមានមុខរបរជាអ្នកលក់នាឡិកា នៅហាងមួយកន្លែង ដែលមានស្រុកកំណើត ស្ថិតនៅភូមិសង្កែបង្វែរ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ មធ្យោបាយធ្វើដំណើរម៉ូតូម៉ាក HONDA CUP50 ពណ៌ទឹកប៊ិចពាក់ស្លាកលេខ កំពត 1G-2379។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-3407 ក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកម៉ូតូនារីរងគ្រោះដែលកំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៣ក្នុង ទិសដៅ ពី ជើងទៅត្បូងចំពេញមួយទំហឹងបណ្ដាលឲ្យអូសជា១០ម៉ែត្រទាំងនារីរងគ្រោះ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះរថយន្តបង្កខាងលើមិនបានឈប់នោះទេ ថែមទាំងព្យាយាមបើករត់រហូតដល់ចំណុចវត្តសំរោងអណ្ដែត ទើបឃាត់បានទាំងរថយន្ត និងអ្នកបើកបរ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូរបស់នារីរងគ្រោះ និងរថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។ ដោយឡែកសពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីផងដែរ៕