ចាប់ម្ចាស់ហាងអ៊ុតសក់ «ច័ន្ទ សាឡន» នៅខណ្ឌពោធិ៍សែនជ័យ ក្រោយយកកន្រ្តៃយ៍ចាក់នារីម្នាក់បណ្តាលឲ្យរបួសធ្ងន់

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ០៨:០៦
(ភ្នំពេញ)៖ ស្រ្តីជាជាងអ៊ុតសក់ម្នាក់ បានរងរបួសជាច្រើនកន្លែង ដោយសារតែម្ចាស់ហាងអ៊ុតសក់យីហោ «ច័ន្ទ សាឡន» ជាអតីតថៅកែរបស់ខ្លួនយកកន្រ្តៃយ៍កាត់ក្រចក ចាក់ជាច្រើនកន្លែង នៅពេលដែលពួកទាំង២នាក់​បានឈ្លោះទាស់គ្នា។ហេតុការណ៍នោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១៖២០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងអ៊ុតសក់ «ច័ន្ទ សាឡន» ស្ថិតនៅជិតផ្សាររវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចាន់ ថា អាយុ១៨ឆ្នាំ រងរបួសពោះ ទ្រូង បំពង់ និងក្បាលហូរឈាមក សព្វថ្ងៃនាងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ រីឯជនដៃដល់ដែលជាម្ចាស់ហាងអ៊ុតសក់ «ច័ន្ទ សាឡន» ឈ្មោះឡុញ ចន្នី ភេទស្រី អាយុ៣៦ឆ្នាំ រងរបួសដៃផង១កន្លែង។ក្រោយពេលកើតហេតុ អ្នកភូមិបានផ្ដល់ព័ត៌មានជូននគរបាលប៉ុស្តិ៍ចោមចៅ១ ឲ្យចុះទៅអន្តរាគមន៍ ហើយកម្លាំងនគរបាល ក៏បានចុះទៅធ្វើការឃាត់ខ្លួនអ្នកទាំង២ ទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ព្រោះមានរបួសស្នាមទាំងសងខាង។តាមសាក្សីម្នាក់ បាននិយាយថា នៅមុនពេលកើតហេតុ ថៅកែហាងបានហៅឲ្យស្រ្តីរងគ្រោះ ចូលទៅក្នុងហាងរបស់ខ្លួន ពេលនោះនាងក៏បានចូលទៅ លុះបន្តិចក្រោយមកស្រាប់តែឃើញ ម្ចាស់ហាងច្រានជនរងគ្រោះ ចេញក្រៅហើយទះ១កំផ្លៀង ព្រមទាំងយកកន្រ្តៃយ៍ចាក់ទៅលើជនរងគ្រោះចំពោះ ក្បាល បំពង់ក។ បន្ទាប់មកចាក់សំដៅទ្រូងទៀត ប៉ុន្តែត្រូវបានជនរងគ្រោះធាក់១ជើង ទើបចាក់អត់ត្រូវ រួចហើយជនរងគ្រោះរត់ចេញ និងស្រែកឲ្យអ្នកជិតខាងជួយ។ពេលមានការសួរនាំ, ស្រ្តីរងគ្រោះបាននិយាយថា ពេលនេះនាងបានទៅធ្វើការនៅកន្លែងផ្សេងហើយ មិនបានធ្វើការនៅក្នុងហាងអ៊ុតសក់ «ច័ន្ទ សាឡន» នោះទៀតឡើយ ព្រោះតែម្ចាស់ហាងខាងលើ ចោទប្រកាន់ថា នាងលួចសម្ភារក្នុងហាង។ មិនតែប៉ុណ្ណោះថែមទាំងដើរនិយាយហែកកេរ្តិ៍នាងថែមទៀត ដែលការចោទប្រកាន់ និងទង្វើបំពានបែបនេះ នាងមិនអាចទទួលយកបានទេ ព្រោះនាងមិនដែលបានប្រព្រឹត្តនោះឡើយ។រីឯស្ត្រីថៅកែហាងអ៊ុតសក់ បាននិយាថា ខ្លួនបានបណ្ដេញនាងរងគ្រោះចេញពីការងារក្នុងពេលកន្លងមក ព្រោះស្ត្រីនេះមានចិត្តមិនស្មោះត្រង់ និងតែងតែនិយាយដើមខ្លួនថា ខ្លួនជាមនុស្សខ្លាច មិនបានការ និងជាមនុស្សភ្លើមិនដឹងអី ព្រមទំាំងបានឆាតចូលទូរស័ព្ទរបស់នាង និងទូរស័ព្ទក្មួយស្រី ហើយដៀលសព្វបែបយ៉ាងថែមទៀតផងទើបទ្រាំមិនបាន។មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ស្រ្តីម្ចាស់ហាងបានបង្កអំពើហិង្សាទៅនារីរងគ្រោះហើយ ថែមទាំងប្តឹងទាមទារលុយ ១៥០០០ដុល្លារថែមទៀតផង។ តែយ៉ាងណាក៏ដោយ សម្រាប់ករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការសួរនាំ ដើម្បីចាត់វិធានការតាមច្បាប់ មិនឲ្យរួចខ្លួននោះទេ៕