ពុទ្ធោ​! ហ៊ាន​លើកដៃ​ដេញ​ប្រហារ​ម្តាយ​ខ្លួនឯង ព្រោះតែ​រឿង​សុំ​មិន​បាន

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៥:៣៤
ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា កូនប្រុស​ម្នាក់​ព្រោះតែ​ខឹង​រឿង​សុំ​លុយ​ម្តាយ​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​មិន​បាន កើតជា​ក្តី​ក្តៅក្រហាយ​រហូត​យក​ឈើ​ជ្រុង​វាយ​ទៅ​លើ​ម្តាយ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​។ ក្រោយ​បង្កហេតុ​កូនប្រុស​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ​។ ករណី​ខាងលើ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​29 ខែសីហា ឆ្នាំ​2019​ម៉ោង​9​និង​40​នាទី នៅ​ចំណុច​ភូមិ​ត្រពាំង​ថ្ម ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។
សេចក្តីរាយការណ៍​បន្ត​ថា ជន​ដៃដល់​ខាងលើ​ឈ្មោះ ភា​ញ ភី ភេទ​ប្រុស អាយុ​31​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅ​លើ​ម្តាយ​ឈ្មោះ ឌុ​ល រឿ​ន អាយុ​78​ឆ្នាំ បណ្តាល​ឱ្យ​ដេក​ស្លាប់​នៅ​ក្នុង​ដី​ឡូ​តិ៍​មុខ​ផ្ទះ​របស់​ខ្លួន​តែ​ម្តង​។បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ហាក់ដូចជា​ស្រវឹង​បាន​សុំ​លុយ​ម្តាយ ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់ តែ​ត្រូវ​ម្តាយ​ប្រាប់​ថា គាត់​ចាស់​ហើយ គ្មាន​លុយ​សម្រាប់​ឱ្យ​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​នោះ​ទេ​។ ក្រោយ​ពេល​ឮ​ម្តាយ​ប្រាប់​ថា មិន​មាន​លុយ ស្រាប់តែ​ជនសង្ស័យ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ហើយ​ស្ទុះ​ទៅ​យក​ដំបង​ឈើ​ដេញ​វាយ​ម្តាយ រហូត​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។
ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​បង្ក​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​គេ​វាយ​ម្តាយ ព្រោះ​ខឹង​រឿង​សុំ​លុយ​ម្តាយ​យក​ទៅ​ទិញ​ថ្នាំ​ញៀន​មិន​បាន ទើប​វាយ​ម្តាយ​តែ​ម្តង​។សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​មក​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕