រហែករបាំងពិដានធ្វើឲ្យទឹកភ្លៀងធ្លាក់ចូលក្នុងផ្សារទំនើប បណ្ដាលឲ្យនារីម្នាក់ហូរអូសតាមទឹក (មានវីដេអូ)

ចិន៖ នារីម្នាក់បានហូរអូសទៅតាមទឹក ក្រោយពីរហែករបាំងពិដានធ្វើឲ្យទឹកភ្លៀងធ្លាក់ចូលក្នុងផ្សារទំនើប។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ នៅផ្សារទំនើប Huixing ក្នុងទីក្រុង Dongguan ប្រទេសចិន។យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា នៅក្នុងថ្ងៃកើតហេតុ នាវេលាម៉ោង ៥:៤០នាទីល្ងាច នារីម្នាក់ មិនបញ្ជេញអត្តសញ្ញាណ ត្រូវបានទឹកភ្លៀងដែលជាព្យុះ Typhoon Bailu ធ្វើឲ្យរហែករបាំងពិដានផ្សារទំនើប បណ្ដាលឲ្យធ្លាក់ទឹកចុះមកក្រោម បោកបក់នាងអូសទៅតាមទឹកយ៉ាងខ្លាំង។
ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ
ប្រភពបានឲ្យដឹងថា អ្នកនៅជុំវិញនោះបានរត់ទៅជួយនិងយកក្រណាត់ទៅគ្របពីលើនារីរងគ្រោះដើម្បីរង់ចាំឡានសង្គ្រោះបន្ទាន់មកដល់។ នាងមិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែរបួសស្រាលប៉ុណ្ណោះ។ ក្រោយពីប៉ូលិសចុះទៅដល់កន្លែងកើតហេតុ ទើបដឹងថា របាំងពិដាននោះគឺជាក្រណាត់ ដែលជាហេតុមិនអាចទ្រទ្រង់ទម្ងន់ទឹកភ្លៀងបាន ទើបបណ្ដាលឲ្យរហែកបែបនេះ។
រហែករបាំងពិដាន
នារីរងគ្រោះ
អ្នកគ្រប់គ្រងផ្សារទំនើបបានឲ្យដឹងដែរថា ខាងក្រុមការងារនឹងធ្វើការត្រួតពិនិត្យឲ្យបានល្អជាងនេះ ចៀសវាងមានហេតុការណ៍បែបនេះម្ដងទៀត។ ជាធម្មតា ការត្រួតពិនិត្យតែងតែធ្វើឡើង៦ខែម្ដង។គួរឲ្យដឹងដែរថា ព្យុះ Typhoon Bailu គឺជាព្យុះទី១១ដែលវាយប្រហារទៅលើប្រទេសចិននៅក្នុងឆ្នាំនេះ ធ្វើឲ្យប្រជាជនប្រមាណ៤៨,០០០នាក់ជម្លៀសខ្លួន៕ សូមទស្សនាវីដេអូខាងក្រោម៖