ស្រាក្រហម សម្បូរបាក់តេរីល្អច្រើន ជួយដល់ប្រព័ន្ធរំលាយអាហារ និងមុខងារសំខាន់២ទៀត!

ស្រាក្រហម ត្រូវផលិតឡើង​នៅ​តំបន់អឺរ៉ុប ហើយ​ទទួល​ការ​ពេញនិយម និង​ចែកចាយនៅ​សឹង​ទូទាំង​ពិភពលោក។ ជាមួយ​នឹង​ភាព​ល្បីល្បាញ​នេះ អ្នកវិទ្យាសាស្ត្រ​អង់គ្លេសរកឃើញ​ថា ស្រា​ក្រហមជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀត បើធៀប​នឹង​គ្រឿងស្រវឹង​ផ្សេង​ទៀត។ក្រុមអ្នកវិទ្យាសាស្ត្រនៅ​សាកលវិទ្យាល័យ King’s College London របស់​អង់គ្លេសរកឃើញ​ថា អ្នក​ផឹកស្រាក្រហមមាន​បាក់តេរី​ចម្រុះ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដែល​ជួយ​ដល់​សុខភាព​ក្រពះ-ពោះវៀន។ លោកស្រី Caroline Le Roy អ្នកដឹកនាំ​ការសិក្សា ប្រាប់​កាសែត AFP ថា បើមាន​បាក់តេរី​ចម្រុះកាន់តែ​ច្រើន វានឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​ល្អ។ វា​ជួយ​ប្រឆាំង​ជំងឺ និង​ផលិត Metabolites ចេញពី​អាហារ។អ្នកវិទ្យាសាស្រ្ត​ថា សមាសធាតុ Polyphenols នៅ​លើ​សំបក​ផ្លែ​ទំពាំងបាយជូរមាន​មុខងារ​បង្កើន​ដង់ស៊ីតេ​បាក់តេរី​ក្នុង​ក្រពះ-ពោះវៀន។គួរបញ្ជាក់​ថា បាត់តេរីក្នុង​ក្រពះ-ពោះវៀន មាន​តួនាទី​សំខាន់​ណាស់សម្រាប់​សុខភាព​របស់​យើង ព្រោះ​អតុល្យភាពនៃ​បាក់តេរី​ល្អ និង​បាក់តេរី​អាក្រក់ នឹង​បង្ក​ផលប៉ះពាល់​ផ្សេងៗដូចជា ខ្សោយ​ប្រព័ន្ធ​ការពារ ឡើង​ទម្ងន់ និងលើស​​កូលេស្ដេរ៉ូល​។ទោះយ៉ាងណាលោកស្រី Caroline Le Roy បញ្ជាក់​ថា ការផឹក​គ្រឿងស្រវឹង មិនល្អ​ចំពោះ​សុខភាព​នោះទេ។ លោកស្រី​ណែនាំ​ឲ្យ​ផឹក​ស្រាក្រហមត្រឹមតែ១កែវ​ប៉ុណ្ណោះ ក្នុង​រយៈពេល២​សប្ដាហ៍ ដើម្បី​ទទួល​បាន​សុខភាព​ក្រពះ-ពោះវៀន​ល្អ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet