សាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ពីការមិនយកកម្រៃសេវាចំពោះកម្មករ-កម្មការិនី ធ្វើដំណើរតាមរថយន្តក្រុង និងកាណូតរយៈពេល ២ឆ្នាំបន្ដទៀត

  • សៅរ៍ ៣១ សីហា, ២០១៩ ១៥:០៥
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតជាគោលការណ៍ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តមិនយកកម្រៃសេវា ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលធ្វើដំណើរតាម រថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ រយៈពេល០២ឆ្នាំ បន្តទៀត។ក្រោយមានគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន រួចមក, សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្តីពី ការអនុញ្ញាតឲ្យបងប្អូនកម្មករ-កម្មការិនី ជិះរថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា។ នេះជាសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ។រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបងប្អូនកម្មករ-កម្មការិនី ប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា រយៈពេល០២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥។ប៉ុន្តែដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា ជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ-កម្មការិនីនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតជាគោលការណ៍ឲ្យ រដ្ឋបាលរាជធានីភ្នំពេញ បន្តមិនយកកម្រៃសេវា ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ រយៈពេល០២ឆ្នាំ បន្តទៀត ដោយគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារ ទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ នឹងទទួលបានសេវានេះភ្លាម។រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា សូមបងប្អូនកម្មករ-កម្មការិនីទាំងមេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុកភាព៕