ជក់ចិត្តសាហាវ! Juventus រកបាន ៤គ្រាប់ រីឯ Bayern Munich ទម្លុះទីដល់ទៅ ៦គ្រាប់ (មានវីដេអូ)

  • អាទិត្យ ០១ កញ្ញា, ២០១៩ ០៩:៣០
អឺរ៉ុប៖ ការប្រកួតពានរង្វាន់លីគកំពូលអ៊ីតាលី Serie A បានឈានដល់សប្ដាហ៍ទី២ ហើយសម្រាប់ចុងសប្ដាហ៍នេះ ដោយកាលពីយប់មិញក្រុមម្ចាស់ជើងឯករដូវកាលចាស់ Juventus បានយកឈ្នះ Napoli ក្នុងលទ្ធផល ៤-៣ នៅកីឡដ្ឋាន Allianz។ ៤គ្រាប់របស់សេះបង្កង់ Juventus រកបានដោយកីឡាករចំណូលថ្មី Danilo, Gonzalo Higuian និង Cristiano Ronaldo ម្នាក់មួយគ្រាប់ និងមួយគ្រាប់ទៀតគឺជាគ្រាប់បាល់ Own Goal រីឯ ៣គ្រាប់របស់កូនក្រុមលោក Ancelotti រកបានដោយកីឡាករ Kostas Manolas, Hirving Lozano និង Giovanni di Lorenzo ក្នុងម្នាក់មួយគ្រាប់។
កីឡាករ Cristian Ronaldo អបអរគ្រាប់បាល់
ងាកមកមើកនៅអាល្លឺម៉ង់ឯណេះវិញ ក៏មិនចាញ់នៅអ៊ីតាលីប៉ុន្មានដែរ ដោយក្រុមជើងឯករដូវកាលមុន Bayern Munich បានបើកទ្វារកីឡដ្ឋាន Allianz Arena របស់ខ្លួនលត់ Mainz 05 ដោយលទ្ធផល ៦-១។ Mainz 05 ជាអ្នកបើកការនាំមុខមុននៅនាទីទី៦ ដោយកីឡាករ Jean-Paul Boetius មុននឹងត្រូវ Bayern Munich ដាក់ ៦គ្រាប់សងវិញដោយកីឡាករ  Pavard, David Alaba, Perisic, Coman, Lewandoswki និង Alphonso Davies ម្នាក់មួយគ្រាប់។
ក្រុមកីឡាករ Bayern Munich អបអរជ័យជម្នះ
សូមបញ្ជាក់ផងថា ជ័យជម្នះយប់មិញនេះបានធ្វើឲ្យ Juventus ឈរកំពូលតារាងបណ្ដោះអាសន្នដោយ ២ប្រកួតឈ្នះទាំង​ ២ប្រកួត ចំណែកឯ Bayern Munich កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌ Bundesliga ដោយ ៣ប្រកួត ឈ្នះ២ និងស្មើ១៕សូមទស្សនាវីដេអូ Highlight ការប្រកួតទាំងពីរនៅខាងក្រោម៖