អុញនោះវីវរហើយ!! គណនី Facebook ផ្លូវការ AFC បង្ហោះរូបភាពទង់ជាតិកម្ពុជា ដោយមិនមានរូបប្រាសាទអង្គរវត្ត

  • អាទិត្យ ០១ កញ្ញា, ២០១៩ ១០:២១
អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (Asian Football Confederation) ដែលហៅកាត់ថា AFC កាលពីថ្ងៃសុក្រកន្លងទៅបានបង្ហោះរូបភាព Cover នៅក្នុងគណនី Facebook ផ្លូវការរបស់ខ្លួនអំពីពូលទាំង ៨ សម្រាប់ការជម្រុះជុំទីពីរព្រឹត្តិការណ៍ World Cup ឆ្នាំ 2022។
រូបភាពដែល AFC បង្ហោះ
ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងសម្រាប់ប្រជាជនកម្ពុជានោះនៅក្នុងពូល C ដែលជាពូលរបស់ក្រុមជម្រើសជាតិកម្ពុជា គឺទង់ជាតិរបស់កម្ពុជា មិនមានរូបភាពប្រាសាទអង្គរវត្តនោះទេ ពោលគឺមានតែពណ៌ក្រហមកណ្ដាល និងពណ៌ខៀវប៉ុណ្ណោះ ដែលនេះអាចគឺជាកំហុសបច្ចេកទេសរបស់ក្រុមការងារ AFC។
ជាមួយគ្នានេះក៏មានបងប្អូនកម្ពុជាយើងបានចូលទៅ Comment អំពីបញ្ហានេះដែរ ប៉ុន្តែមកទល់នឹងពេលនេះ AFC មិនទាន់មានការកែតម្រូវនៅឡើយទេ។ យើងសង្ឃឹមថា AFC នឹងជួយកែតម្រូវឲ្យបានឆាប់រហ័ស និងមិនឲ្យកើតមាននូវកំហុសបែបនេះបន្តទៀត៕