ជំនាញទាំងឆក់ និងលួចម៉ូតូ តែចុងក្រោយត្រូវកម្លាំងនគរបាលបង្ក្រាបបាន នៅខណ្ឌដូនពេញ

  • អាទិត្យ ០១ កញ្ញា, ២០១៩ ១០:៤៩
(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ចេះទាំងជំនាញឆក់ទ្រព្យសម្បត្តិ និងលួចម៉ូតូសម្រេច៣លើកមកហើយ តែលទ្ធផលត្រូវជាប់ខ្នោះកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី។បើតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះថា តាមការស្រាវជ្រាវជនសង្ស័យត្រូវសមត្ថកិច្ចបង្ក្រាបបាននៅចំណុចមុខផ្ទះលេខ៩១ (អតីតរោងភាពយន្តហែមជាតិ) ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។
ក្រោយឃាត់ខ្លួនសាកសួរទៅតាមជំនាញ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កាលពីរសៀលថ្ងៃទី០៧ ខែសីហា រូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស្ថិតនៅចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា ករណីទី២ នៅថ្ងៃទី១២ ខែសីហា រូបគេបានធ្វើសកម្មភាពលួចម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌សលាយខ្មៅ និងក្រហម កាំបន្ទះពណ៌ក្រហម ឆ្នាំ២០១៧ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GG-9087 ស្ថិតនៅចំណុចបុរីមហាសែនសុខ ខាងមុខផ្ទះលេខ១៩២ ផ្លូវB ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងលើកទី៣ ដែលជាករណីចុងក្រោយ នៅថ្ងៃទី១៧ ខែសីហា បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃម៉ាក OPPO F9 ពណ៌ស្វាយ ១គ្រឿងទៀត នៅចំណុចបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ផ្លូវទេពផន សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក។របាយការណ៍ដដែលនេះបញ្ជាក់ថា ជនសង្ស័យឈ្មោះ បូរី រាជ្យ អាយុ២៥ឆ្នាំ ស្នាក់នៅតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ជនរងគ្រោះឈ្មោះ ឈុង បញ្ញា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៩២ ផ្លូវB ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានបាត់បង់ម៉ូតូម៉ាកស៊ុយហ្សុយគីនិច។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខភ្នំពេញ1HS-4263 មួយគ្រឿង, សោខ្សៀរទីបលេខ៨ រាងអក្សរ L ចំនួន០១, ដែកសំប៉ែតចុងស្រួចចំនួន០១, ខ្សែលួសសសៃ ពណ៌ស ប្រវែង០៥ សង់ទីម៉ែត្រចំនួន ០២សសៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕