ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ជួល​ផ្ទះសំណាក់​ផ្អើល​ពេញហ្នឹង ឯបុរសកំពុងសង្គ្រោះបន្ទាន់

  • អាទិត្យ ០១ កញ្ញា, ២០១៩ ១៦:០៦
ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ដោយ​មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​លេខ A១០១ ផ្ទះសំណាក់មួយកន្លែង នៅសង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដែល​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជា​អំពើ​អត្តឃាតកម្ម ។សេចក្តីរាយការណ៍​បាន​បន្ត​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ មួន ស្រី​នឿ​ន អាយុ​២៩​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានស្រុក​កំណើត នៅ​ភូមិ​ឱ​ម៉ា​ល ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ នៅ​កន្លែង​កើតហេតុ​សមត្ត​កិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​រួម​មាន ៖ សំបក​ថ្នាំ​មួយ​ចំនួន ប្រើ​អស់​ចំនួន​៤​បន្ទះ សំបក​ប្រអប់​២ និង​សំបក​ថ្នាំ Laroxyl មាន​១​បន្ទះ ប្រើ​អស់​៣០​គ្រាប់ ថ្នាំ MIRAL GINE អស់​១៨​គ្រាប់ ថ្នាំ TRAVIC អស់​៣៩ គ្រាប់ ។តាម​សាក្សី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​៣១ ខែសីហា ឈ្មោះ ជួន កុសល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​សន្តិសុខ បាន​ដើរ​មើល​ភ្ញៀវ​តាម​បន្ទប់ ព្រោះ​ដល់​ម៉ោង​សំអាត​បន្ទប់ ដើម្បី​ឲ្យ​ភ្ញៀវ​បង់លុយ​បន្ត​ការ​ស្នាក់​នៅ​ថ្មី​ទៀត ។ បន្ទាប់​មក​សន្តិសុខ​រូប​នោះ​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​លេខ​A ១០១ តែ​ភ្ញៀវ​មិន​បើកទ្វារ​ទេ រួច​ក៏​បាន​ដើរទៅ​យក​សោ​ចាក់​បន្ទប់​នោះ ទើប​ឃើញ​ភ្ញៀវ​ប្រុស​ឈ្មោះ យ៉ែ​ម នៅ អាយុ​៣២​ឆ្នាំ ដើរ​ចុះ​ដើរ​ឡើង​ក្នុង​បន្ទប់ ហើយ​សន្តិសុខ​ក៏​បាន​សួរនាំ តែ​គេ​មិន​និយាយ​ស្តី​អ្វី​ទេ ។សូម​បញ្ជាក់​ថា នៅ​បន្ទប់​លេខ A១០១ ខាង​ប្រុស​ចូល​មក​សម្រាក​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​២០​នាទី ហើយ​សម្រាក​បាន​១​យប់​ខាង​ស្រី​(​ជន​រង​គ្រោះ​) បាន​ចូល​មក​សម្រាក​នៅ​ថ្ងៃ​ទី​៣០ ខែសីហា វេលា​ម៉ោង​១០​ព្រឹក លុះដល់​ថ្ងៃ​ទី​៣១ ខែសីហា ទើប​កើត​មាន​ហេតុការណ៍ ស្ត្រី​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់នោះ ។ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ខេត្តកណ្តាល និង​នគរបាល​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ក្រុង​តា​ខ្មៅ ព្រមទាំង​អាជ្ញាធរ និង​លោកគ្រូ​ពេទ្យ​អនុ​មន្ទីរពេទ្យ​ជ័យ​ជំនះ ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ហួសកំណត់ ក្នុង​គោលបំណង​ធ្វើ​អត្តឃាតកម្ម ។ក្រោយ​ពិនិត្យ​ចប់​សព្វគ្រប់​សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ។ ដោយឡែក ឈ្មោះ យ៉ែ​ម នៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ដែល​មានស្រុក​កំណើត នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ ពេទ្យ​បង្អែក​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ ។ ករណី​ខាងលើ​នេះ​អ្នកវិភាគ​កំពុង​ស្ថិត​ក្នុង​ភាព​សង្ស័យ ដែល​ស្ត្រី​ជា​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​និង​កន្លែង ជាមួយ​សំបក​ថ្នាំ​ច្រើន​ប្រភេទ តាម​ការ​សន្និដ្ឋាន​របស់​សមត្ត​កិច្ច (​ស្លាប់​ដោយ​ប្រើ​ថ្នាំ​លើស​កម្រិត​) ចំណែក​បុរស​កំពុង​សង្គ្រោះ​បន្ទាន់ ដូច្នេះ​ករណី​អត្តឃាតកម្ម​នេះ​នៅ​មិន​ទាន់​បានដឹង​ច្បាស់​ពី​មូលហេតុ​បណ្តាល​មក​ពី​រឿង​អ្វី​ឡើយ ។ ព័ត៌មាន​នេះ​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ។ កែសម្រួល​ដោយ ៖​សុ​ឃា​ក់