ទើបសម្រាលកូនរួច ចង់ពពោះជាថ្មី ត្រូវរង់ចាំប៉ុន្មានខែទើបល្អ?

ក្រោយ​សម្រាល​កូនតូច​គួរ​ឲ្យ​ស្រាលាញ់​ម្នាក់ ​ផែន​ការ​ចង់​យក​អាអូនម្នាក់​​ទៀត អាច​នឹង​មាន​ក្នុង​អារម្មណ៍​ប៉ាម៉ាក់​ថ្មី​ថ្មោង​មិន​ខាន ប៉ុន្តែទោះ​ចង់​បានក៏​មិន​ត្រូវ​ប្រញាប់​ប្រញាល់​ពេក​ដែល ​ដោយ​អ្នកជំនាញ​​ណែ​នាំ​ថា គួរ​ទុក​គម្លាត​យ៉ាង​តិចឲ្យ​បាន​ ​២​ ឆ្នាំ មិន​មែន​​ត្រឹម​ ៣​ ខែ ដូច​យើងធ្លាប់​ដឹង​នោះ​ទេ។ហេតុ​ផល​លើក​ឡើងបែប​នេះ ក្រោយ​អ្នក​ជំនាញ​សិក្សា​ផ្នែក​ជីវ​បង្ក​កំណើតមក​ពី​ក្រុង​ Manchester ចក្រភព​អង់គ្លេស លោក​ស្រី Grace Dugdale រកឃើញ​ថារយៈ​ពេល​​ ៣ ​ខែ ពុំ​អាច​ឲ្យ​​​រាង​កាយ​ម៉ាក់​ៗ និង​ប៉ា​ៗ អាច​មាន​លទ្ធភាព​​បង្ក​ស៊ុត និង​មេ​ជីវិត​មាន​គុណ​ភាព​ល្អ​នោះ​ទេ។លោកស្រី​​បញ្ជាក់ថា​ មូល​ហេតុ​​​ធ្វើ​ឲ្យ​ស៊ុត និង​មេ​ជីវិត​មាន​គុណ​ភាព​ល្អ​នោះ សំដៅ​លើ​ផែន​ការ​យក​កូនត្រូវ​មាន​ពេល​​សម្រាប់​រាង​កាយ​​ ពិសេស​ប៉ា​ៗដែល​ជា​កត្តា​ចម្បង​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ គឺ​ត្រូវ​មាន​មេជីវិត​មាន​សុខភាព​ល្អ​ជាមុន ពោល​ត្រូវហាត់​ប្រាណ​ (យ៉ាង​តិច ​៣​ ដងសប្តាហ៍ ញ៉ាំ​អាហារ​សម្បូរ​​​ជីវជាតិ​ចម្រុះដូច​ជា​ ពពួក​អាហារ​បន្លែ​បៃ​តង​ គ្រាប់​ធញ្ញជាតិជាដើម។ដោយ​ឡែកសុខភាព​ម៉ាក់​ៗ​ក៏សំខាន់​​ដូច​គ្នា ពោលត្រូវ​រក្សា​ទម្ងន់មិន​ឲ្យ​ធាត់​ខ្លាំងតាម​រយៈ​​ការ​ហាត់​ប្រាណ និង​ញ៉ាំអាហារ​ល្អ​ៗដូច​ជា ​សាច់​ត្រី សាច់​ក្រហម គ្រប់​ធញ្ញជាតិ​​ធម្មជាតិ​ ដែល​សុទ្ធ​ជា​កត្តាជួយ​ធ្វើ​ឲ្យ​ស៊ុត​ក្នុង​ខ្លួន ​មាន​លក្ខណៈ​ល្អ​​​ត្រៀម​ទទួល​​ការ​បង្ក​កំណើត​​ដោយ​ពុំ​មាន​បញ្ហា​។តាម​រយៈ​ទម្លាប់​រស់​នៅដូច​ខាង​លើអ្នកជំនាញ​បាន​លើក​ឡើង​ថា ត្រឹម​រយៈ​ពេល​ ២​ ឆ្នាំ ជា​ពេល​វេលា​សម​ស្រប​បំផុតសម្រាប់ប្តី​ប្រពន្ធត្រៀម​ខ្លួន​រួច​ស្រេច​ ទាំង​​​ផ្នែក​រាង​​កាយ និង​​សុខភាព​ ដើម្បី​ស្វាគមន៍​សមាជិក​​ថ្មី​ ដែល​មាន​សុខភាព​ល្អ​។ ​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុតសូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet