អតីតខ្សែប្រយុទ្ធជួរមុខ Man UTD ជំនាន់លោក Ferguson ផ្លាស់ទៅលេងនៅក្លិបធំអេស្ប៉ាញ

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១០:០៤
អង់គ្លេស៖ ខ្សែប្រយុទ្ធ Javier Hernandez នឹងផ្លាស់ពី West Ham ទៅចូលរួមជាមួយក្លិបអេស្ប៉ាញ Sevilla នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ ក្នុងតម្លៃខ្លួនព្រមព្រៀងគ្នា ៧.២៤លានផោន (៨លានអឺរ៉ូ)។
កីឡាករJavier Hernandez
ខ្សែប្រយុទ្ធជម្រើសជាតិម៉ិចស៊ិកវ័យ ៣១ឆ្នាំរូបនេះបានស្ថិតក្នុងការចរចាផ្ទេរតាំងពីថ្ងៃសុក្រមកម្ល៉េះ និងបានហោះទៅប្រទេសអេស្ប៉ាញដើម្បីធ្វើតេស្ដសុខភាពថែមទៀត។ អនាគតរបស់ខ្សែប្រយុទ្ធដែលមានឈ្មោះក្រៅ Chicharito នៅញញួរយក្ស West Ham ហាក់មិនមានភាពល្អប្រសើរ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធ Sebastien Haller ដែល West Ham បានទិញពី Eintracht Frankfurt កាលពីខែកក្កដា។ ហេតុផលដូច្នេះហើយទើបធ្វើឲ្យរូបគេ មានបំណងក្នុងការស្វែងរកទ្រនំថ្មី។
កីឡាករ Javier Hernandez
គួរឲ្យដឹងដែរថា អតីតខ្សែប្រយុទ្ធ Man UTD រូបនេះបានផ្លាស់ពី Bayer Leverkusen មកកាន់ West Ham United កាលពីឆ្នាំ២០១៧ ដោយគិតមកទល់ពេលនេះគេបង្ហាញខ្លួនបាន ៥៥ប្រកួត និងរកគ្រាប់បាល់បាន ១៦គ្រាប់ក្នុងនាមជាខ្សែប្រយុទ្ធ៕