រដ្ឋ​មន្ត្រី​​សុខា​ភិបាល​សិង្ហ​បុរីលោក Kim Yong មក​ទស្ស​ន​កិច្ច​គម្រោង​ ទឹក​ជា​​​ជីវិត​នៅ​កម្ពុជា របស់​អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរី និង​​ប្រកាស​ពីការ​ប្តេជ្ញា​ចិត្ត​ម្តង​ទៀត​ក្នុង​ការ​​បន្ត​ការ​ទ្រ​ទ្រង់​ការ​អភិវឌ្ឍន៍​ និង​រក្សា​​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​២!

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៣:០៧
សៀម​រាប៖ លោក Gan Kim Yong រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​សិង្ហ​បុរី បាន​ធ្វើ​ដំណើរ​មក​ទស្សន​កិច្ច​ផ្ទះ​​របស់​ប្រជា​ជន​កម្ពុជា​មួយ​កន្លែង ស្ថិត​នៅ​ស្រុក​ប្រាសាទ​បា​គង ខេត្ត​សៀម​រាប ដើម្បី​​ត្រួត​ពិនិត្យ​ទៅលើ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ដែល​​ទទួល​បាន​ពី​គម្រោង​ «ទឹក​​ជា​​ជីវិត» របស់​អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរី (SIF) នៅ​​ក្នុង​ខេត្ត​សៀម​រាប​។ ក្រោយពី​​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១០ ក្នុង​ខេត្ត​សៀម​រាប គម្រោង​នេះបា​ន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កំពង់​ស្ពឺកាលពីឆ្នាំ​២០១២ និង​វិល​ទៅ​កាន់​ខេត្ត​សៀម​រាប​វិញក្នុង​ឆ្នាំ​២០១៧​។ មក​ទល់​ពេល​នេះ កម្មវិធី​ទឹក​ជា​ជីវិត​ បាន​​ផ្តល់​ឲ្យ​​​ប្រជា​ពល​រដ្ឋ​កម្ពុជា​​​ជាង​ ៧​ ម៉ឺន​នាក់ នូវ​ភាព​ងាយ​ស្រួលក្នុង​ការ​ប្រើប្រាស់​ទឹក​ស្អាត​សម្រាប់​ផឹក និង​បាន​ធ្វើ​ឲ្យ​សុខ​ភាព​របស់​ពួក​​​គាត់​កាន់​តែល្អ​ប្រសើរ​ឡើង តាម​រយៈ​វគ្គ​​​សិក្សា​​ពី​អនា​ម័យ​ជាមូលដ្ឋាន​។  
លោកGan Kim Yongរដ្ឋ​មន្ត្រីក្រសួង​សុខា​ភិបាល​សិង្ហបុរី
លោក Gan មាន​ប្រសាសន៍​ថា៖ ជិត​១/៤ នៃ​អត្រា​ប្រជា​ជន​កម្ពុជា​សរុប​ចំនួន ១៥,៦ លាន​នាក់ មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់​ឡើយ​។ ប្រទេស​កម្ពុជាក៏​មាន​អត្រា​មរណៈ​របស់​កុមារ​ខ្ពស់​ជាង​គេ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ផងដែរ ហើយ​​ការ​ស្លាប់​ភាគ​ច្រើន​របស់​​កុមារតូច​ៗ​​ទាំង​នេះអាច​បណ្តាល​មក​ពី​ជំ​ងឺ​​ដែល​បង្ករ​​ក្នុង​ទឹក​ដូច​ជា​ ជំ​ងឺ​រាគ​រូស ជំ​ងឺ​រលាក​ថ្លើម​ប្រភេទ A និង​ជំ​ងឺ​គ្រុ​ពោះ​វៀន​។ ការ​សិក្សា​ជាច្រើនបាន​បង្ហាញ​ថា ឧប​ករណ៍​​ចម្រោះ​ទឹក​ដោយ​ដី​ខ្សាច់ ដែល​ជា​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​កម្មវិធីទឹក​ជា​ជីវិត មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​​​​បាក់​តេ​រី​បង្ក​រោគ​បាន​វច្រើន​ជាង​ ៩០% និង​ប៉ា​រ៉ា​ស៊ីតបាន​១០០%​​​។ កម្មវិធី ទឹក​ជា​ជីវិត របស់​អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរីត្រូវ​បាន​​​ដំណើរ​ការ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១០ ក្នុង​​ស្រុក​សូទ្រ​និគម និង​ប្រាសាទ​បា​គងក្នុង​ខេត្ត​សៀម​រាប​​។ ក្នុង​ពេល​គម្រោង​នេះបាន​​បិទ​បញ្ចប់​នៅ​​ឆ្នាំ​២០១៤ ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​ ៤៦០​ នាក់ ​​របស់​​អង្គ​ការ​អ្នក​ស្ម័គ្រ​ចិត្ត​អន្តរ​ជាតិ​សិង្ហ​បុរី (SIVs) បាន​ដំឡើង​​ឧប​ករណ៍​ចម្រោះ​ទឹក​ស្អាត​ចំនួន​ ២៦៥០ ដែល​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជា​ពល​រដ្ឋ​​ចំនួន​ ១៧០០០​ នាក់​។ ការ​​ដំឡើង​ឧប​ករណ៍​ចម្រោះ​ទឹក​ស្អាត​នេះ បាន​ជួយ​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​ដោយ​សារ​តែ​ជំ​ងឺ​ក្នុង​ទឹក​បាន​ចំនួន​ ៨៥%​។ នៅ​ចន្លោះ​ឆ្នាំ​២០១២ ដល់ ២០១៧ អ្នក​ស្ម័គ្រ​​ចិត្ត​​មក​ពី​អង្គ​ការ​ដដែល​ច្រើន​ជាង​ ៤០០​ នាក់ ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​ស្ម័គ្រ​ចិត្ត​ក្នុង​ឃុំ​ចំនួន​១២ នៅ​​ខេត្ត​កំពង់​ស្ពឺ​ផងដែរ ក្នុង​ការ​ដំឡើង​ឧប​ករណ៍​ចម្រោះ​ទឹក​ស្អាត​ដោយ​ដីខ្សាច់ចំនួន ១៧៥០​ ដើម្បី​ផ្តល់​​ទឹក​ស្អាត និង​មាន​សុវត្ថិ​ភាព​​ក្នុង​ការ​ផឹក វគ្គ​សិក្សា​ពី​​អនា​ម័យ​ជា​មូលដ្ឋាន និង​ការ​ជួយ​គាំទ្រ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​សហ​គមន៍ ដល់​​ប្រជា​ពល​រដ្ឋ​​តាម​ភូមិ​ចំនួន​ ៤៤០០០​ នាក់​។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរី (SIF) បាន​ចាប់​ផ្តើម​ដំណើរ​ការ​គម្រោង ទឹក​ជា​ជីវិតទី​២​របស់​ខ្លួនក្នុង​​ខេត្ត​សៀម​រាប​។ គម្រោង​ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​មួយ​នេះ មាន​គោល​បំណង​ក្នុង​ការ​​​​ផ្តល់​ឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ចំនួន ៩​ ពាន់នាក់ ដែល​រស់​នៅ​តាម​ស្រុកជី​ក្រែង និង​ស្វាយ​លើ ក្នុង​ខេត្ត​សៀម​រាប មាន​​ភាព​ងាយស្រួល​​ក្នុង​ការ​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់ និង​​ជួយ​​ផ្តល់​ចំណេះ​ដឹង​ផ្នែក​អនា​ម័យ​ជា​មូល​ដ្ឋាន​ដល់​ពួក​គាត់ ដើម្បីកាត់​បន្ថយ​គ្រោះ​​ថ្នាក់​ដោយ​សារ​តែ​ជំងឺផ្សេង​ៗ​​ដែល​​​បង្ករ​ដោយ​ទឹក​។
លោក Gan Kim Yong រដ្ឋ​មន្ត្រីក្រសួង​សុខា​ភិបាល​សិង្ហបុរី
ចាប់​តាំងពី​គម្រោង​ទី​២​មួយនេះ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ខេត្ត​សៀម​រាប អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​២២៣​ នាក់ មក​ពី​ប្រទេស​សិង្ហ​បុរី បាន​ដំឡើង​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​ជិត​ ៦០០ និង​​បាន​បើក​វគ្គ​សិក្សា​អប់​រំ​ពី​អនា​ម័យ​ជា​មូលដ្ឋាន​​ជាច្រើន សម្រាប់​ប្រ​ជា​ពល​រដ្ឋ​​តាម​ភូម គ្រូ​បង្រៀន និង​កុមារ​។ នៅមុន​ពេល​គម្រោង​នេះ​បិទ​បញ្ចប់ ឧប​ករណ៍​ចម្រោះ​ទឹក​ចំនួន ៩០០ ត្រូវ​បាន​ដំឡើង​ជា​ស្ថាពរ​។ គម្រោង​នេះ បញ្ចប់​ដោយ​ជោគ​ជ័យ​ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​នឹង​អង្គ​ការ Water for Cambodia និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Ngee Ann Development Pte Ltd។ កម្មវិធី ទឹក​ជា​ជីវិត គឺ​ជា​​​​សមិទ្ធ​ផល​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយផ្សេង​ទៀត​ក្នុង​ចំណង​មិត្ត​ភាព​រយៈ​ពេល​១៧​ឆ្នាំ​​រវាង​ប្រជា​ជន​សិង្ហ​បុរី និង​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​គម្រោង​​​​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​របស់​អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរី​។ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំមក​នេះ អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរី បាន​​បញ្ជូន​អ្នក​ស្ម័គ្រ​​ជា​ច្រើន​មក​ពី​សិង្ហ​បុរី ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ គ្រូ​បង្រៀន​​ដ៏មាន​ឯក​ទេស និង​​គ្រូ​ពេទ្យ​អាជីព​ជាច្រើន ដើម្បី​មក​ធ្វើ​ការ​ជា​មួយនឹង​ភ្នាក់​ងារ និង​សហគមន៍​នានានៅ​រាជ​ធានី​ភ្នំ​ពេញ សៀម​រាប កណ្តាល និង​កំពង់​ស្ពឺ ដើម្បី​ជួយ​លើ​កម្ពស់​​កម្រិត​ស្តង់​ដារ​​នៃ​ការ​ថៃ​ទាំ​សុខ​ភាព និង​ការ​អប់​រំក្នុង​សហ​គមន៍​​នានា​ដែល​កំពុង​អភិវឌ្ឍ​៕