ស្ងាត់ៗ Roma មកចរចាចង់បានខ្សែបម្រើម្នាក់របស់​ Arsenal មុនការបិទទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ!

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៤:៥៧
អ៊ីតាលី៖ យោងតាមប្រភពព័ត៌មាន Sky ក្លិប Roma កំពុងធ្វើការចរចាចង់នាំយកខ្សែបម្រើរបស់ក្លិប Arsenal ម្នាក់គឺកីឡាករ Henrikh Mkhitaryan ក្នុងលក្ខខណ្ឌខ្ចីជើងឱ្យបានមុនទីផ្សារកីឡាករត្រូវបានបិទ។ទោះបីជាទីផ្សារកីឡាករបានបិទរួចទៅហើយនៅក្របខណ្ឌ Premier League តាំងពីថ្ងៃទី៨ ខែសីហានេះក៏ដោយ​ ប៉ុន្តែនៅតាមបណ្ដាលីគធំៗអ៊ឺរ៉ុប ដូចជា Serie A ជាដើមនៅអាចធ្វើការទិញកីឡាករចូលរហូតដល់ថ្ងៃច័ន្ទ ទី២ ខែកញ្ញា ។
Henrikh Mkhitaryan លេងនៅ Arsenal
Mkhitaryan បានមកចូលរួមជាមួយក្លិបកាំភ្លើងធំ Arsenal តាំងពីខែមករាឆ្នាំ ២០១៨ មកម្ល៉េះ ដោយជាផ្នែកនៃកិច្ចព្រមព្រៀងផ្លាស់ប្ដូររវាង Alexis Sanchez ទៅឱ្យ Manchester United។គួរបញ្ជាក់ផងដែរថា អំឡុងពេលដែលគាត់លេងនៅ Arsenal កីឡាករ Mkhitaryan បានស៊ុតបញ្ចូលទីចំនួន ៩គ្រាប់ក្នុងចំណោម ៥៦ប្រកួត។អំឡុងពេលការដោះដូរកីឡាករ រដូវក្តៅដ៏មមាញឹកនេះ Roma បានបន្ថែមកីឡាករចំនួន ៩ នាក់ទៅក្នុងក្រុមរបស់ពួកគេរួចទៅហើយ រាប់បញ្ចូលទាំងការចុះកិច្ចសន្យាខ្ចីជើងរបស់ Davide Zappacosta ពី Chelsea និង Chris Smalling មកពី United ផងដែរ៕