មន្រ្តីនគរបាលម្នាក់ ជាប់ការពារក្បួននាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវចោរលួចម៉ូតូ, សមត្ថកិច្ចតាមចាប់ភ្លាមៗ

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៥:០១
(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ បានលួចម៉ូតូរបស់មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី២ ខណៈជនសង្ស័យកំពុងតែបណ្តើរម៉ូតូចេញ និងចាក់សោម៉ូតូដើម្បីបញ្ឆេះចេញនោះក៏ អ្នករត់កង់បីឃើញ ស្រែកប្រាប់សមត្ថកិច្ច តាមចាប់ក្របួចជាប់ភ្លាមៗ ខណៈម្ចាស់ម៉ូតូកំពុងឈរការពារក្បូនថ្នាក់ដឹកនាំនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ហេតុការណ៍នេះ បានកើតឡើងនៅមុខព្រលានយន្តអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ាត ភារ៉ា អាយុ៣៨ឆ្នាំ មុខរបមិនពិតប្រកដ។មន្ត្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានដាក់កម្លាំងការពារក្បូនថ្នាក់ដឹកនាំ ដោយកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី២ បានឈរយាមនៅ ចំណុចសួនកុមារ ហើយបានទុកម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខនគរបាល 1-9889 ក្បែរខ្លួន ខណៈនោះស្រាប់តែមានជនសង្ស័យម្នាក់ បានដើរថ្មើជើង ហើយសុំលុយនគរបាលផឹកការហ្វេ រួចក៏សួរថាម៉ូតូនោះរបស់នរណា? ភ្លាមនោះនគរបាលប្រាប់ថា ម៉ូតូរបស់ប៉ូលីស។ក្រោយមកខណៈកម្លាំងកំពុងការពារក្បូនគណៈប្រតិភូនាយករដ្ឋមន្ត្រី នៃប្រទេស ម៉ាឡេស៊ីភ្លេចខ្លួន ស្រាប់តែជនសង្ស័យលួចអូសចេញទៅ តែដោយសារពូរត់កង់បីឃើញទាន់ក៏ស្រែកឆោឡោឡើងចាប់ជាប់ភ្លាមៗតែម្តង។បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមផ្លូវច្បាប់៕