ចោទប្រកាន់​ស្ត្រី​ដែល​ឲ្យ​សហា​យ​បាញ់​សម្លាប់​ប្តី​ខ្លួនឯង ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន

  • អង្គារ ០៣ កញ្ញា, ២០១៩ ០៨:១១
រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស្រី ម៉ាក់​នី កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ បាន​បញ្ចប់​ការ​សាកសួរ​លើ​ជនសង្ស័យ​គឺ​ស្ត្រី​ម្នាក់ ដែល​បាន​ប្រើ​ប្រុស​សាហា​យ​ឲ្យ​តាម​បាញ់​សម្លាប់​ប្តី ខ្លួនឯង​ដែល​ជា​គ្រូបង្រៀន និង​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ក្រោម​បទ​«​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​» តាម​មាត្រា​២៨ និង​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស ឃាតកម្ម​គិត​ទុកជា​មុន គឺជា​អំពើ​សម្លាប់​មនុស្ស គិត​ទុកជា​មុន ឮ​ដោយ​ការ​ពួនស្ទាក់​ការ​គិត​ជា​មុន​គឺជា​គម្រោង​ដែល​បង្កើត​ឡើង​មុន​អំពើ​បៀតបៀន​ទៅ​លើ​រូប​បុគ្គល នៃ​ជន​រង​គ្រោះ ច្បាប់​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។
ស្ត្រី​ដែល​ជា​ជនសង្ស័យ​ឈ្មោះ ឃឿ​ន ស៊ី​ហ៊​ន អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ស្នាក់​នៅ​ជាមួយ​ប្តី ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រឿ​ន រតនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​។ ជន​រង​គ្រោះ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់ កាលពី​អធ្រាត្រ​យប់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​។ ក្នុង​ពេល​នោះ​គេ​បានឃើញ​ស្ត្រី​ជា​ភរិយា ដែល​ជា​ជនសង្ស័យ​បាន​ទៅ​ឱប​សព​ប្តី​ទ្រហោយំ ហាក់បីដូច​ធ្វើ​ជា​មិនដឹង​រឿង​អ្វី​ទាំងអស់ តែ​ទីបំផុត​នាង​ជា​ឃាតក​ប្រើ​សាហា​យ​ឲ្យ​បាញ់​សម្លាប់​ប្តី​។
ក្រោយ​កើត​មាន​អំពើ​ឃាតកម្ម​នោះ សមត្ថកិច្ច​នគរបាល​បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជា​បន្ទាន់ ទើប​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែសីហា បាន​រក​ឃើញ និង​កំណត់​មុខសញ្ញា​ជន​ជា​ឃាតក​គឺ​នាង ឃឿ​ន ស៊ី​ហ៊​ន ជា​ភរិយា​សាកសព ដូច្នោះ​ទើបបាន​សមត្ថកិច្ច​សម្រេចចិត្ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​ទៅ​។ ទីបំផុត​ជនសង្ស័យ​បាន​សារភាព​ថា នាង​ជា​អ្នក​រៀបចំ​ផែនការ​បាញ់​សម្លាប់​ប្តី​របស់​ខ្លួនឯង​មែន ដោយសារ​ជន​រង​គ្រោះជា​ប្តី​រស់នៅ​មិន​ចុះសម្រុង​គ្នា ទើប​នាង​សម្រេចចិត្ត​យ៉ាង​ដូច្នេះ​។ចម្លើយ​សារភាព​របស់​ជនសង្ស័យ បន្ត​ថា កន្លង​មក​ប្តី​របស់​នាង​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​ឈ្មោះ មក​រា ជា​អតីត​ជា​មិត្ត​ប្រុស​របស់​នាង​ទើប​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ នាង​បាន​ទូរស័ព្ទ​ណាត់ជួប​ឈ្មោះ មក​រា ដើម្បី​រៀបចំ​ផែនការ​សម្លាប់​ប្តី ដោយ​ឲ្យ​មិត្ត​ប្រុស​(​សាហា​យ​)​ឈ្មោះ មក​រា កាន់​កាំភ្លើង​តាម​បាញ់ប្រហារ​។លុះ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ខណៈ​ដែល​ប្តី​នាង​បាន​ទៅ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត ភូមិ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល នាង​ក៏​បាន​ទូរស័ព្ទ​ឲ្យ​សាហា​យ​ត្រៀម​រៀបចំ​ខ្លួន ហើយ​នាង​ក៏​បាន​ទូរស័ព្ទ​បង្ខំ​ប្តី​ឲ្យ​ប្រញាប់​មក​ផ្ទះ​វិញ ទើប​វេលា​ម៉ោង​១១​យប់ ប្តី​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ដល់​ចំណុច​ខាងលើ ហើយ​នាង​បាន​ទូរស័ព្ទ​ឲ្យ​ឈ្មោះ មក​រា ទៅ​ចាំ​នៅ​កន្លែង​កើតហេតុ​ជិត​មណ្ឌល​ឱកាស​ខ្ញុំ ពេល​នោះ​ក៏​ស្ងាត់​ទើប​ឈ្មោះ មក​រា បាន​បាញ់​សម្លាប់​ប្តី​តែ​ម្តង​ទៅ​។ក្រោយ​ពេល​បាញ់​សម្លាប់​ជន​រង​គ្រោះ​ហើយ ឈ្មោះ មក​រា បាន​ទូរស័ព្ទ​ប្រាប់​នាង​ថា បាន​សម្រេច​រួចរាល់​ហើយ​រួច​គេ​ក៏​បិទ​ទូរស័ព្ទ និង​គេចខ្លួន​បាត់​។ នៅ​កន្លែង​កើតហេតុ​មាន​បន្សល់​ទុក​នៅ​សម្បក​គ្រាប់​កាំភ្លើងខ្លី​ម៉ាក​K54 ចំនួន​១​គ្រាប់ ខណៈ​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ចំនួន​២​កន្លែង ចំ​ត្រង់​ក្រោម​ឆ្អឹងជំនី​សងខាង​ដួល​ស្លាប់​នៅ​លើ​ផ្លូវ​ក្បែរ​ម៉ូតូ​ម៉ាក​ស្គូ​ពី​១ គ្រឿង​៕