ត្រីងៀតឆ្លៀតពង!! PSG ឆ្លៀតយកបានកីឡាករឆ្នើម ២រូបនៅថ្ងៃចុងបញ្ចប់នៃទីផ្សាររដូវក្ដៅនេះ

  • អង្គារ ០៣ កញ្ញា, ២០១៩ ០៩:៣២
បារាំង៖ ក្លិប Paris Saint-Germain ដែលគេស្គាល់ថាជាក្លិបអ្នកមានមួយនៅបារាំងនៅថ្ងៃចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ បាននាំចូលកីឡាករ ២រូបបន្ថែមទៀតគឺអ្នកចាំទី Keylor Navas និងខ្សែប្រយុទ្ធ Mauro  Icardi។ ក្រោយរួមរស់ជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid រយៈពេល ៥ឆ្នាំមកពេលនេះអ្នកចាំទីជម្រើសជាតិកូស្តារីកា បានសម្រេចចិត្តចាកចេញទៅចូលរួមជាមួយ PSG។ Navas បានចុះកិច្ចសន្យា ៤ឆ្នាំនៅទឹកដីបារាំងអមដោយតម្លៃខ្លួន ១៥លានអឺរ៉ូ។
កីឡាករ Navas ទៅចូលរួមជាមួយ PSG
ងាកមកមើល Mauro Icardi ឯនេះវិញក៏បានផ្លាស់ពី Inter Milan មកលេងនៅ PSG នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូររដូវក្ដៅនេះដូច Navas ដែរប៉ុន្តែក្រោមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។ បែបណាក្ដី PSG ក៏មានសិទ្ធិទិញផ្ដាច់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះក្នុងតម្លៃ ៧០លានអឺរ៉ូផងដែរ ខណៈកិច្ចសន្យារវាង Icardi និង Inter Milan មានសុពលភាពដល់ឆ្នាំ២០២២។
កីឡាករ Icardi ទៅចូលរួមជាមួយ PSG
គួរឲ្យដឹងដែរថា Navas និង Icardi គឺជាកីឡាករទី៧ និងទី៨ហើយដែល PSG នាំចូលសម្រាប់ទីផ្សារលើកនេះ បន្ទាប់ពីកីឡករ ៦រូបផ្សេងទៀតដែលមានដូចជា Abdou Diallo, Idrissa Gueye, Pabalo Sarabia, Marcin Bulka, Ander Herrera និង Serigo Rico៕