ស្វីតយ៉ាងនេះ! មិត្តប្រុសតស៊ូជិះយន្តហោះចម្ងាយរាប់ពាន់ម៉ឺនគីឡូម៉ែត្រ ព្រោះតែមកចង់ជួបមុខមិត្តស្រីជាទីស្រលាញ់...! (មានវីដេអូ)

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៣:៣៣
អូស្រ្តាលី៖ ជាការពិតណាស់ ស្នេហា គឺជាការលះបង់ ស្នេហា គឺតែងធ្វើឲ្យមនុស្សហ៊ានប្រឈមមុខនឹងបញ្ហាជាច្រើន ក៏ព្រោះតែដើម្បីមនុស្សដែលខ្លួនឯងស្រលាញ់។ ជាក់ស្ដែង កាលពីថ្មីៗនេះ ក៏មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជនជាច្រើន ហាក់សម្ដែងក្តីរំភើបជំនួស ក្រោយបុរសវ័យក្មេងសញ្ជាតិម៉ាឡេស៊ីម្នាក់ តស៊ូជិះយន្តហោះឆ្លងប្រទេសចម្ងាយរាប់ពាន់ម៉ឺនគីឡូម៉ែត្រ ក៏ព្រោះតែចង់មកជួបមុខមនុស្សស្រីដែលខ្លួនស្រលាញ់ ក៏ដូចជាចំណាយពេលវេលាបាននៅជាមួយគ្នា ដើម្បីបង្កើននូវចំណងស្នេហាឲ្យកាន់តែរឹងមាំ។
លោក Aqil និងមិត្តស្រី Sofea
បើយោងតាមប្រភពសារព័ត៌មាន បុរសខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Aqil មានអាយុ២៣ឆ្នាំ បច្ចុប្បន្នគឺនិស្សិតផ្នែកវិស្វកម្មមេកានិក នៅសាកលវិទ្យាល័យ University of Colorado Boulder សហរដ្ឋអាមេរិក។ ចំណែកឯ មិត្តស្រីរបស់លោកវិញ (សញ្ជាតិម៉ាឡេស៊ីដូចគ្នា) ឈ្មោះ Sofea អាយុ២២ឆ្នាំ គឺជានិស្សិតដែលកំពុងតែបន្តការសិក្សានៅឯសាកលវិទ្យាល័យ University of South Australia ប្រទេសអូស្រ្តាលី។
លោក Aqil និងមិត្តស្រី Sofea
ប្រភពដដែលបន្តថា ថ្វីបើគូស្នេហ៍មួយគូនេះ បានចាកឆ្ងាយពីប្រទេសកំណើតខ្លួន ទៅកាន់ប្រទេសដទៃដើម្បីបន្តការសិក្សាក្តី ប៉ុន្តែបើនិយាយអំពីទំនាក់ទំនងស្នេហារបស់ពួកគេវិញ Aqil និង Sofea តែងតែផ្សារភ្ជាប់គ្នា សួរសុខទុក្ខ នឹករលឹកជានិច្ច តាមរយៈបណ្តាញសង្គមនានា។ ជាក់ស្ដែង ដើម្បីបានជួបនឹងមិត្តស្រីសំណព្វចិត្ត កាលពីកំឡុងវិស្សមកាលរដូវក្តៅជាច្រើនខែ នៅសហរដ្ឋអាមេរិក (ឈប់សម្រាក) កន្លងទៅនេះ Aqil ក៏បានឆ្លៀតធ្វើការងារជាអ្នកទទួលភ្ញៀវ (Front-desk receptionist) ធ្វើការ៤០ម៉ោង ក្នុងមួយសប្តាហ៍ ចាប់ពីខែមិថុនា ដល់ខែសីហា។ Aqil អាចរកប្រាក់ចំណូលបាន ១១.២២ដុល្លារអាមេរិកក្នុងមួយម៉ោង។ ក្រោយកាត់ការចំណាយចាយវាយផ្សេងៗ Aqil ក៏បានសន្សំលុយទុក ដើម្បីធ្វើដំណើរកម្សាន្ត (ទៅជួបមិត្តស្រី) ។ លើសពីនេះ ចំណូលដែលទទួលបាននោះ លោកក៏បានផ្ញើវាទៅឲ្យគ្រួសារនិងបងប្អូនរបស់លោកខ្លះៗផងដែរ។
លោក Aqil
ក្រោយមានលុយអាចល្មមគ្រប់គ្រាន់នឹងដើរកម្សាន្តហើយនោះ Aqil ក៏បានសម្រេចចិត្តជិះយន្តហោះឆ្ពោះទៅកាន់ទីក្រុង Adelaide ប្រទេសអូស្រ្តាលី (ចម្ងាយ ១៤,៤៧៧គីឡូម៉ែត្រ ពីអាមេរិក ទៅ អូស្រ្តាលី) នៅថ្ងៃទី១២ សីហា កន្លងទៅនេះ ដើម្បីទៅជួបនឹង Sofea មិត្តស្រ្តីជាទីស្រលាញ់របស់លោក រយៈពេល១០ថ្ងៃ។
លោក Aqil និងមិត្តស្រី Sofea
លោក Aqil បាននិយាយថា នៅពេលនោះ លោកក៏បានធ្វើ(ថត)វីដេអូសកម្មភាពមួយចំនួន ដើម្បីទុកជាការចងចាំ ឬអនុស្សាវរីយរវាងលោក និងមិត្តស្រីផងដែរ។ ប៉ុន្តែអ្វីដែលលោកមិនរំពឹង ឬនឹកស្មានមិនដល់នោះ វីដេអូឃ្លីបនោះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបលោកបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម Twitter (និងអ៊ីនស្តាក្រាម)។ ​Aqil ថា មកទល់ពេលនេះ វីដេអូឃ្លីបនោះ ក៏នៅតែកើនចំនួនអ្នកទស្សនា (View) និងចំនួនអ្នកបញ្ចេញមតិ ស៊ែ ជាច្រើនផងដែរ។
នាង Sofea
ក្នុងវីដេអូឃ្លីបនោះ លោក Aqil បានបង្ហាញពីសកម្មភាពនៃមុនពេលចាកចេញ (ពីអាមេរិក) និងពេលទៅដល់ (អូស្រ្តាលី) ហើយក្រោយមកលោកក៏មានដំណើរកម្សាន្តជាច្រើនកន្លែង ជាមួយនឹង Sofea ដែលជាមិត្តស្រីរបស់លោក ក៏ដូចជាសកម្មភាពញ៉ាំអាហារ និងលេងសប្បាយជាមួយគ្នាជាច្រើនផ្សេងទៀតយ៉ាងរីករាយ ដែលមើលទៅគឺពិតជាពោរពេញដោយក្តីសុខ ដ៏ស្រស់បំព្រងតែម្តង។ ក្នុងនោះទៀតសោត អាចនឹងរំជួលចិត្តបន្តិចដែរ គឺនៅពេលដែល Aqil ត្រូវចាកចេញត្រលប់មកកាន់អាមេរិកវិញ ដែលជាពេលវេលាត្រូវឃ្លាតឆ្ងាយគ្នាពីមិត្តស្រីសំណព្វចិត្ត។
នាង Sofea
ជុំវិញនឹងពេលវេលាដ៏មានន័យនេះ នៅពេលដែលគ្រប់គ្នាបានសួរ Aqil ទៅនឹងទំនាក់ទំនងស្នេហាដែលនៅឆ្ងាយគ្នា រវាងលោក នឹង Sofea នោះ Aqil បានឆ្លើយតបថា ក្រៅពីនិយមន័យស្នេហា ឬសង្សារ ពួកគេទាំងពីរគឺប្រៀបបីដូចជាមិត្តភក្តិដ៏ល្អ និងជិតស្និទ្ធបំផុត។ ពួកគេក៏តែងតែចែករំលែកអ្វីៗគ្រប់យ៉ាងទៅគ្នាទៅវិញមកផងដែរ។ ពួកគេតែងតែផ្តល់កក់ក្តៅ ក៏ដូចជាអារម្មណ៍ដ៏រីករាយឲ្យគ្នា ដូច្នេះមិនថាមានរឿងអ្វីនោះទេ គឺពួកគេតែងដឹងពីគ្នាជានិច្ច។ ពោលគឺ មានតែការស្រលាញ់ស្ម័គ្រស្មោះ និងភាពផ្អែមល្ហែមតែប៉ុណ្ណោះ ដែលធ្វើឲ្យចំណងស្នេហារឹងមាំ មិនអាចនឹងប្រេះឆាបាន៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖
លោក Aqil និងមិត្តស្រី Sofea
នាង Sofea