យុវជនអាស៊ាន​បង្ហាញ​​ក្ដីបារម្ភ​អំពី​បញ្ហា​បរិស្ថាន​ និង​ចីរភាព​ទៅអនាគត នៅ​ឯ​សន្និសីទ​ស្ដីពីការ​អភិវឌ្ឍន៍​ដោយចីរភាព រៀបចំ​ដោយ​ SCG!

ភ្នំពេញ៖ និស្សិត​អាហារូបករណ៍​របស់ក្រុមហ៊ុន SCG មកពីប្រទេស​អាស៊ាន​ចំនួន ៧ កាលពីពេលថ្មីៗ​​កន្លង​ទៅ​នេះ បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍន៍ដោយ​ចីរភាព (Sustainable Development Symposium) នៅឯទីក្រុង​បាងកក ប្រទេសថៃ ដែលរៀបចំ​កាលពីថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០១៩ ដោយ​ក្រុមហ៊ុន SCG និង​បាន​ចែករំលែក​ក្ដី​កង្វល់​របស់​ពួកគេអំពី​អនាគត​ និង​និរន្តរភាព​បរិស្ថាននៅក្នុង​ប្រទេសរបស់​ពួកគេ។
សន្និសីទ​ស្ដីពីការ​អភិវឌ្ឍន៍​ដោយចីរភាព រៀបចំ​ដោយ​ SCG
និស្សិត​អាស៊ាន​ដែលមាន​ចំនួន ៧៣ នាក់ គឺ​ជា​និស្សិត​អាហារូបករណ៍​ «ចែករំលែក​ក្ដី​សុបិន​» របស់ SCG មកពី​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និង​វៀតណាម។ ពួកគេ​គឺ​ជា​បណ្ដាញ​យុវជន​អាស៊ាន​មួយក្រុម ដែល​ខ្វល់ខ្វាយ​អំពីបញ្ហា​បរិស្ថាន និង​ចង់​ចូលរួម​ចំណែក​កសាង​អនាគត​មួយ​ដែល​ប្រកប​ដោយ​ចីរភាព។ និស្សិត​ទាំង​នេះបានលើកឡើង​អំពី​បញ្ហា​បរិស្ថាន​នៅ​ក្នុង​អាស៊ានជម្រាប​ដល់​អ្នកចូលរួម​នៅ​ក្នុង​សន្និសីទដែលរួមមាន មេដឹកនាំ​ធុរកិច្ច មន្ត្រីរដ្ឋាភិបាល តំណាង​អង្គការ​អន្តររដ្ឋាភិបាល និង​តំណាង​អង្គការសហប្រជាជាតិនៅឯ​សន្និសីទ​ប្រចាំឆ្នាំ​ស្ដីពី​ការអភិវឌ្ឍន៍​ដោយ​ចីរភាព ដែល​រៀបចំ​ដោយ SCG ដែល​ជា​​ក្រុមហ៊ុន​ស៊ីម៉ងត៍​​ដ៏​ឈាន​មុខ​គេ​មួយនៅក្នុង​តំបន់​អាស៊ាន។
សន្និសីទ​ស្ដីពីការ​អភិវឌ្ឍន៍​ដោយចីរភាព រៀបចំ​ដោយ​ SCG
និស្សិត​មក​ពី​កម្ពុជា បាន​សម្ដែង​នូវ​កង្វល់​អំពី​បញ្ហា​សំណល់​ប្លាស្ទិក​នៅ​កម្ពុជា និង​បាន​សំណូមពរ​ឲ្យ​មាន​ការគិតគូរ​ដល់​ការអភិវឌ្ឍ​ន៍ប្រកប​ដោយ​ចីរភាព។ និស្សិត​មកពីប្រទេស​ឡាវបាន​លើកឡើង​អំពី​បញ្ហា​ជម្រៅ​ទឹក​កាន់តែរាក់ទៅៗនៅ​ក្នុង​ទន្លេ​មេគង្គ ដែល​ពួកគេ​បាន​អះអាង​ថា បញ្ហា​នេះ​គឺ​បណ្ដាល​មក​ពីការ​កាប់បំផ្លាញ​ព្រៃឈើ។ ចំណែក​ឯ​និស្សិត​មកពី​វៀតណាម បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំងឡើងៗនៅទីក្រុង​ហូជីមិញ។
សន្និសីទ​ស្ដីពីការ​អភិវឌ្ឍន៍​ដោយចីរភាព រៀបចំ​ដោយ​ SCG
កង្វល់​អំពី​បញ្ហា​បរិស្ថានទាំងនេះ ត្រូវ​បាន​និស្សិត​អាស៊ាន​ចែករំលែក​ដល់​អ្នក​ចូលរួម​ជិត ២០០០​នាក់ នៅ​ក្នុង​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ដោយចីរភាព ដែល​ឆ្នាំ​២០១៩ នេះ ក៏ជា​ខួប​ទី ​១០ ​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។ នៅឯ​សន្និសីទ​ដដែលនេះ ស្ថាប័ន​ និង​ក្រុមហ៊ុន​ធំៗ​គ្រាក់ៗចំនួន ៤៤ ក៏បាន​ប្រកាស​ពី​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ ដើម្បី​ជម្រុញ​ «​សេដ្ឋកិច្ច​វិលជុំ» (Circular Economy) នៅ​ក្នុង​ដំណើរការ​ទាំង​មូល​នៃ​ការផលិត ការ​ប្រើប្រាស់ និង​ការ​ច្នៃ​ប្រើប្រាស់​ឡើងវិញ ដោយ​លើក​ទឹក​ចិត្ត​ដល់ ​«ការប្រើប្រាស់​ធនធាន​ឲ្យ​មានប្រសិទ្ធភាព​បំផុត ការញែកសំរាម និង​ការចោល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ» ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ធនធាន និងសំណល់​ដែល​ច្រើន​ហួសហេតុ។ កិច្ច​សហប្រតិបត្តិ​នេះ​ មានបំណង​បង្កើត​នូវ​ឧស្សាហកម្ម​មួយ​ដែលមាន​ចីរភាព ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការបំពុល​សំរាម​ប្លាស្ទិក​នៅក្នុង​សមុទ្រ កែលម្អ​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន និង​គ្រប់គ្រង​សំណល់​ឧស្សាហកម្ម៕
សន្និសីទ​ស្ដីពីការ​អភិវឌ្ឍន៍​ដោយចីរភាព រៀបចំ​ដោយ​ SCG