នារីម្នាក់កើតជំងឺទឹកដក់ក្នុងភ្នែក ព្រោះតែលេងហ្គេមទូរស័ព្ទនៅកន្លែងងងឹតរាល់យប់

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៤:៤១
ចិន៖ ទឹកដក់ក្នុងភ្នែក គឺជាជំងឺម្យ៉ាងដែលសម្ពាធទឹកនៅក្នុងភ្នែកកើនឡើងខ្ពស់ជាងធម្មតា ជាហេតុធ្វើឱ្យខូចទៅដល់សរសៃប្រសាទរបស់ភ្នែក (សរសៃអុបទិច) ដែលជាសរីរាង្គ ងាយនឹងខូចពេលសម្ពាធទឹកក្នុងភ្នែកកើនឡើងកាន់តែខ្ពស់។ ករណីធ្ងន់ធ្ងរអាចធ្វើឱ្យអ្នកជំងឺឈានទៅដល់ការខ្វាក់ភ្នែកបាន។ ជាទូទៅ អ្នកដែលមានជំងឺនេះច្រើនកើតឡើងចំពោះមនុស្សដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ។ នេះបើយោងទៅតាមប្រភពច្បាស់ការណ៍មួយបានលើកឡើង។ប៉ុន្តែ ថ្មីៗនេះនៅក្នុងប្រទេសចិន មាននារីម្នាក់មានវ័យត្រឹមតែ ២៩ឆ្នាំប៉ុណ្ណោះ ស្រាប់តែកើតជំងឺទឹកដក់ក្នុងភែ្នក ព្រោះតែនាងវក់លេងហ្គេមទូរស័ព្ទខ្លាំងពេក។
រូបតំណាង
យោងតាមប្រភពបានឱ្យដឹងថា នារីម្នាក់នេះ រួមទាំងមិត្តភក្តិនាងបានលេងហ្គេមនៅក្នុងទូរស័ព្ទដៃរួមគ្នា (លេងតាមអនឡាញ) ជារៀងរាល់យប់។ ដំបូងឡើយ នាងបានកំណត់វិន័យដាក់ខ្លួនឯងដែរថា នាងលេងត្រឹមតែមួយការប្រកួតប៉ុណ្ណោះ មុនពេលចូលគេង ប៉ុន្តែព្រោះតែ Team របស់នាងលេងចាញ់ជាញឹកញាប់ ទើបមិត្តភក្តិនាងបបួលនាងលេងម្តងហើយម្តងទៀតជាហូរហែមក ដោយពេលខ្លះនាងលេងហ្គេមដល់ទៅម៉ោងជាង ២ ទៅ ៣ភ្លឺឯណោះ។មិនយូរប៉ុន្មាន នៅថ្ងៃមួយ នាងក៏លេងហ្គេមទូរស័ព្ទដល់ម៉ោងជាង ​៣ភ្លឺដូចសព្វដង រួចក៏ចូលគេង។ ប៉ុន្តែពេលនាងភ្ញាក់ពីគេងវិញ នាងស្រាប់តែឈឺភ្នែកជាខ្លាំង ដោយនាងដឹងថា អាចមកពីនាងខំលេងហ្គេមខ្លាំងពេក។ ដូច្នេះនាងក៏ផ្អាកការលេងហ្គេមមួយរយៈ។
រូបតំណាង
យ៉ាងណាមិញ មិនយូរប៉ុន្មាន នាងក៏ត្រលប់ទៅរកទម្លាប់លេងហ្គេមដល់ពេលយប់ដូចសព្វដង ប៉ុន្តែលើកនេះស្រាប់តែនាងឈឺភ្នែកខ្លាំងឡើង រហូតដល់ភ្នែកឡើងក្រហម លេចឡើងនូវសរសៃឈាមក្រហមលើផ្នែកពណ៌សនៃភ្នែក ដែលធ្វើឱ្យនាងពិបាកមើលជាខ្លាំង។ដូច្នេះ នាងក៏ទៅរកពេទ្យភ្នែក ហើយឆ្លងកាត់ការត្រួតពិនិត្យរបស់គ្រូពេទ្យបានបញ្ជាក់ថា នាងកើតជំងឺទឹកដក់ក្នុងភ្នែក។
រូបតំណាង
ដោយគ្រូពេទ្យភ្នែកបានពន្យល់បន្ថែមថា ការប្រើប្រាស់ទូរស័ព្ទនៅកន្លែងងងឹតក្នុងរយៈពេលយូរនឹងធ្វើឱ្យភ្នែករបស់អ្នកស្ងួត អស់កម្លាំង និងពិបាកមើល។ ដូច្នេះ អ្នកនឹងខំប្រឹងមើល ដោយការខំប្រឹងមើលនេះពិតជាធ្វើឱ្យប៉ះពាល់ទៅដល់សរសៃអុបទិចជាខ្លាំង។យ៉ាងណាមិញ នារីម្នាក់នេះត្រូវសម្រាកព្យាបាលភ្នែកនៅក្នុងមន្ទីរពេទ្យមួយរយៈសិន ដើម្បីរង់ចាំការពិនិត្យបន្ថែមពីលោកគ្រូពេទ្យ។ដោយឡែក គ្រូពេទ្យក៏បានផ្តល់ជាដំបូន្មានទៅកាន់មនុស្សទូទៅថា គួរតែពាក់វ៉ែនតាការពារភ្នែកនៅពេលអ្នកប្រើប្រាស់ទូរស័ព្ទ ហើយអ្នកក៏ពុំគួរប្រើប្រាស់ទូរស័ព្ទនៅកន្លែងងងឹតក្នុងរយៈពេលយូរពេកផងដែរ ព្រោះការធ្វើបែបនេះគឺមិនល្អចំពោះសុខភាពភ្នែកនោះទេ៕