រងការរិះគន់ ក្រោយគ្រូបង្រៀនឲ្យសិស្សពាក់កេសឡាំងក្នុងថ្ងៃប្រលង ព្រោះតែមិនចង់ឲ្យពួកគេងាកចម្លងគ្នា!

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៥:៥៤
ម៉ិកស៊ិក៖ គ្រូបង្រៀនម៉ិកស៊ិកម្នាក់ បានរងការរិះគន់យ៉ាងខ្លាំង ជុំវិញនឹងការឲ្យសិស្សយកកេសឡាំងមកពាក់ក្បាលក្នុងថ្ងៃប្រលង ព្រោះតែមិនចង់ឲ្យពួកគេងាកចម្លងគ្នា។ លោក Luis Juarez Texis នាយកនៃសាលាសាខាទី១ Campus 01 “El Sabinal” ក្នុងរដ្ឋ Tlaxcala ប្រទេសម៉ិកស៊ិក ត្រូវបានរងការចោទប្រកាន់រំលោភបំពានសិទ្ធិរបស់សិស្ស និងធ្វើឲ្យអាម៉ាស់មុខ ក្រោយបែកធ្លាយរូបភាពមួយសន្លឹក ដោយឲ្យសិស្សយកកេសឡាំងមកពាក់ក្បាល ក្នុងអំឡុងពេលកំពុងតែប្រលង។ ក្រោយមានការចែកចាយល្បីសុះសាយលើបណ្តាញសង្គម រូបភាពនោះក៏បានធ្វើឲ្យឪពុកម្តាយ ឬអាណាព្យាបាលសិស្សជាច្រើន សម្ដែងការមិនពេញចិត្ត ខឹងសម្បា ក៏ដូចជាថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពមិនគប្បីមួយនេះ។ជាក់ស្ដែង តាមប្រភពបានឲ្យដឹងថា អាណាព្យាបាលសិស្សក៏បានទទូចជាសាធារណៈ ដើម្បីសុំឲ្យអាជ្ញាធរអប់រំម៉ិកស៊ិក និងស្ថាប័នពាក់ព័ន្ធ ធ្វើការដកមុខតំណែង ឬបញ្ឈប់តួនាទីលោក Texis ជានាយកសាលា ឬជាគ្រូបង្រៀននោះថែមទៀត។ នេះក៏ដោយសារតែ អាណាព្យាបាលសិស្សជាច្រើនយល់ឃើញថា ការធ្វើបែបនេះ គឺជាការគំរាមកំហែង ធ្វើឲ្យអាម៉ាស់មុខ ក៏ដូចជាការរំលោភសិទ្ធិសិស្ស យ៉ាងជ្រុលហួសហេតុ។
សិស្សពាក់កេសឡាំងពេលប្រលង
ជាការពិត តាមរយៈរូបភាពនោះ គេឃើញសិស្សប្រុស-ស្រីជាច្រើន បានពាក់កេសឡាំងនឹងក្បាលរបស់ពួកគេ ដោយចោះត្រឹមតែប្រលោះភ្នែកពីរ ដើម្បីឲ្យពួកគេមើលសំណៅវិញ្ញាសារប្រលងតែប៉ុណ្ណោះ។ ពោលគឺ ពួកគេមិនអាចងាកទៅមើលគ្នាបាននោះទេ។  ប៉ុន្តែមិនថាយ៉ាងណា ជុំវិញនឹងករណីនេះ ក៏មានមហាជន និងអ្នកលេងបណ្តាញសង្គមមួយចំនួនខ្លះ ក៏បានបញ្ចេញមតិសរសើរចំពោះគំនិតច្នៃប្រឌិត ក្នុងការស្វែងរកវិធីសាស្រ្តដ៏មានប្រសិទ្ធភាពដើម្បីការពារការលួចចម្លងរបស់សិស្ស ដែលផ្ទុយពីការយល់ឃើញរបស់អាណាព្យាបាលសិស្សផងដែរ។ អ្នកខ្លះបាននិយាយថា៖អ្នកខ្លះទៀតថា៖ជាមួយគ្នានេះដែរ តាមរយៈការឆ្លើយតបនឹងអ្នកសារព័ត៌មានក្នុងស្រុក រូបភាពមួយសន្លឹកដែលមានជាប់លោកគ្រូ Juarez Texis នៅពីក្រោយសិស្សនោះ គឺគាត់គ្រាន់តែដើរចូលមកមើល ក្នុងនាមជាអ្នកសង្កេតការណ៍ម្នាក់តែប៉ុណ្ណោះ។ ហើយចំពោះសកម្មភាពនេះ សិស្សទាំងអស់ក៏បានយល់ស្រប ឬឯកភាពជាមួយនឹងសាលា ចំពោះការប្រលងដោយឲ្យពួកគេពាក់កេសឡាំងនឹងក្បាលនេះផងដែរ។ ដូច្នេះមិនមែនជាការបង្ខិតបង្ខំ ឬគោលការណ៍ផ្តាច់ការរបស់សាលាតែឯងនោះឡើយ។
ឆ្នាំ២០១៣ នៅថៃ
គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលគេឃើញមានករណីបែបនេះកើតឡើងក្នុងពេលបច្ចុប្បន្ន។ ព្រោះជាក់ស្ដែង កាលពីកំឡុងឆ្នាំ២០១៣ ក៏ធ្លាប់មានរឿងរ៉ាវដ៏ចម្រូងចម្រាសស្រដៀងគ្នានេះផងដែរ ក្នុងប្រទេសថៃ ដែលសិស្សៗជាច្រើនត្រូវបានគេបង្ខំឲ្យពាក់ក្រដាសធ្វើដូចជាមួក ដើម្បីប្រឆាំងនឹងការលួចមើល ឬងាកចម្លងគ្នា នាកំឡុងពេលដែលកំពុងតែប្រលងផងដែរ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?