សមត្ថកិច្ចបង្ហាញមុខក្រុមចោរ ១០នាក់ ដែលធ្វើសកម្មភាពប្លន់យកម៉ូតូ និងទទួលផលចោរកម្ម យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៥:៤៨
(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការបង្ហាញមុខក្រុមជនសង្ស័យ ១០នាក់ ដែលបានធ្វើសកម្មភាព យកជើងធាក់ប្លន់យកម៉ូតូ របស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ តែលទ្ធផលត្រូវជាប់ខ្នោះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ។លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារយកព័ត៌មាន Fresh News ឲ្យដឹងថា នៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការស្រាវជ្រាវ និងឃាត់ក្រុមជនសង្ស័យមួយក្រុម ដែលមានគ្នា១០នាក់ កំពុងប្រមូលផ្តុំគ្នានៅម្តុំរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចក៏បានហៅធ្វើការត្រួតពិនិត្យ និងសួរនាំ។ក្រុមជនសង្ស័យបានសារភាពថា ក្រុមពួកខ្លួនធ្លាប់បានធ្វើសកម្មភាព ធាក់ប្លន់យកម៉ូតូពីជនរងគ្រោះចំនួន២លើក កាលពីម៉ោង៣ទាបភ្លឺ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ និងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ខណៈពេលដែលជនរងគ្រោះ ចេញពីក្លឹបហ្សូល នៅចំណុចមុខហាងពន្លឺពេជ្រ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី លុះដល់ម៉ោង៣៖៣០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ពួកខ្លួនបានធ្វើសកម្មភាព ធាក់ប្លន់យកម៉ូតូ១លើក ដែលស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។លោក ហួរ ម៉េងវ៉ាង បានបន្តថា ជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនខាងលើ រួមមាន៖ ទី១៖ឈ្មោះ ធា រ៉ា អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ សូត្រ ឡាយហៀង អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ សុខ គា អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ មន ឈុន អាយុ១៨ឆ្នាំ, ទី៥៖ឈ្មោះ រឿន រ៉ូត អាយុ១៨ឆ្នាំ, ទី៦៖ឈ្មោះ រ៉ុង សុផា អាយុ១៨ឆ្នាំ, ទី៧៖ឈ្មោះ អាន សេង អាយុ១៨ឆ្នាំ, ទី៨-ឈ្មោះ ហឿន បញ្ញា អាយុ១៨ឆ្នាំ, ទី៩៖ឈ្មោះ ទេស ណារ័ត្ន អាយុ១៨ឆ្នាំ និងទី១០៖ឈ្មោះ ប៊ុន ធឿនរតនៈ អាយុ១៦ឆ្នាំ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតសម្ភាររួមមាន៖ ម៉ូតូ៤គ្រឿង ទី១៖ម៉ាកហុងដាប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HI-4874, ទី២៖ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HH-7161, ទី៣៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GJ-3536 និងទី៤៖ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1AP-5970។ចំណែកជនរងគ្រោះទាំង ២នាក់ខាងលើ ទី១៖ឈ្មោះ វ៉ុន វី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២៖ឈ្មោះ ម៉ាន់ ស៊ាងហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកសម្ភារបាត់បង់ ម៉ូតូ២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GF-2338 ជារបស់ជនរងគ្រោះឈ្មោះ វ៉ុន វី និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ធំ1L-5150 ជារបស់ជនរងគ្រោះឈ្មោះ ម៉ាន់ ស៊ាងហៃ។លោក ហួរ ម៉េងវ៉ាង បានបន្តទៀតថា នៅវេលាម៉ោង១០ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ដោយមានឈ្មោះ ស្រី លីហុង អាយុ១៩ឆ្នាំ មុខរបរទិញលក់ម៉ូតូ (ទទួលផលចោរកម្ម) ឃាត់នៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) និងម្នាក់ទៀតឈ្មោះ ពេជ្រ ពិសិដ្ឋ អាយុ១៩ឆ្នាំ មុខរបរទិញលក់ម៉ូតូ (ទទួលផលចោរកម្ម) ឃាត់នៅភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ក្រោយពីធ្វើការបង្ហាញមុខក្រុមជនសង្ស័យខាងលើរួចមក លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានហៅជាងកាត់សក់ មកធ្វើការកោលសក់ក្រុមជនសង្ស័យខាងលើ រួចធ្វើការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តការនីតិវិធីច្បាប់៕