លួចទ្រព្យសម្បត្តិពលរដ្ឋ ដើម្បីទៅទិញថ្នាំញៀនជក់ ចុងក្រោយត្រូវអាវុធហត្ថចាប់ខ្លួនបានទាំងអ្នកទិញ និងអ្នកលក់

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៥:៥០
(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ក្នុងនោះ២នាក់ ជាក្រុមចោរលួចគាស់ផ្ទះ, កាច់កម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ហើយថែមទាំងធ្លាប់ជាប់ពន្ធនាគារព្រៃស ជាច្រើនលើកផងដែរ និង២នាក់ទៀត គឺជាអ្នកប្រើប្រាស់គ្រឿងញៀនជាមួយគ្នា។សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឆ្មក់បង្ក្រាបបានជនសង្ស័យ០៤នាក់ កំពុងជក់គ្រឿងញៀន ហើយជាមុខសញ្ញាលួចមិនរៀងចាល ទោះបីធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក យ៉ាងណាក៏ដោយ យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ។ជនសង្ស័យទី១៖ឈ្មោះ ភាន់ សុខា ហៅផាន់ ឌី អាយុ៣០ឆ្នាំ, ទី២៖ឈ្មោះ ធី រឹទ្ធ ហៅខ្មៅ អាយុ៣៤ឆ្នាំ, ទី៣៖ឈ្មោះ ម៉ៅ សុខ ហៅជា អាយុ៣១ឆ្នាំ និងទី៤៖ឈ្មោះ សាន្ត ភារៈ អាយុ២២ឆ្នាំ។ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង០៤នាក់ បានសារភាពឲ្យដឹង រៀងៗខ្លួនថា៖ ឈ្មោះ ភាន់ សុខា ហៅផាន់ ឌី បានប្រាប់ថា រូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ រយៈពេល០២ឆ្នាំ ករណីប្រើប្រាស់គ្រឿងញៀន ចេញមកវិញកាលពីថ្ងៃទី០៨ មករា ឆ្នាំ២០១៩។លុះរហូតដល់អំឡុងខែមិថុនា ឆ្នាំ២០១៩ រូបគេបានស្គាល់បុរសម្នាក់ឈ្មោះ យក្ស នៅកន្លែងលេងហ្គេម ក្រោយមករូបគេបានបបួលគ្នាដើរលួច បន្ទាប់ពីលេងហ្គេមបាញ់ត្រីចាញ់អស់ ហើយរូបគេទាំងពីរនាក់ ធ្លាប់ធ្វើសកម្មភាពលួចជាមួយគ្នា០៣លើក។ លើកទី១៖ ក្នុងអំឡុងចុងខែមិថុនា ឆ្នាំ២០១៩ បានធ្វើសកម្មភាពលួចបានម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ទុំព្រីង នៅចំណុចភូមិព្រៃស យកទៅលក់នៅម្តុំវត្ថអង្គតាម៉ិញ បានតម្លៃ២៥០ដុល្លាអាមេរិក, លើកទី២៖ លួចបានម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ឡើងតែម២០១៩ នៅចំណុចភូមិព្រៃស លក់បានតម្លៃ១៥០ដុល្លាអាមេរិក, លើកទី៣៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បានធ្វើសកម្មភាពលួចបានម៉ូតូ០១គ្រឿង ម៉ាកឌូក ពណ៌ខ្មៅលាយក្រហម នៅចំណុចភូមិព្រៃល្វា ហើយឈ្មោះ យក្ស បានប្រាប់ឲ្យរូបគេជិះម៉ូតូនោះ ចេញពីម្តុំរោងចក្រ៦ជាន់ ទៅលក់នៅម្តុំច្បារអំពៅ លុះពេលរូបគេជិះដល់ម្តុំផ្សារដើមថ្កូវ ក៏វង្វេងផ្លូវ ហើយម៉ូតូក៏ខូច រូបគេបានអូសម៉ូតូនោះ ទៅផ្ញើរនៅកន្លែងលេងហ្គេមនៅក្បែរនោះ ហើយរូបគេបានជិះកង់បីត្រឡប់មករោងចក្រ៦ជាន់វិញ។ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខណៈដែលរូបគេកំពុងលេងហ្គេមម្តុំរោងចក្រ៦ជាន់នោះ ក៏មានសមត្ថកិច្ចអាវុធហត្ថចុះមកឃាត់ខ្លួនរូបគេតែម្តង។ឈ្មោះ ធី រឹទ្ធ ហៅខ្មៅ បានប្រាប់ឲ្យដឹងថា តាំងពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន រូបគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំ ជាមួយបក្ខពួក០៤នាក់ទៀត មានឈ្មោះ ឆន ដាវីដ អាយុ២២ឆ្នាំ, ឈ្មោះ ធី អាយុ១៩ឆ្នាំ, ឈ្មោះ ព្រំ ស្រីម៉ៅ ភេទស្រី អាយុ១៩ឆ្នាំ, ឈ្មោះ ភ័ក្រ្ក អាយុ២៨ឆ្នាំ។ កាលអំឡុងឆ្នាំ២០១៥ រូបគេ និងបក្ខពួកខាងលើ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ ចំនួន០៤លើក។ លើកទី១៖ ធ្វើសកម្មភាពលួចគាល់ផ្ទះប្រជាពលរដ្ឋ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លួចបានសម្ភារមួយចំនួន លក់បានប្រាក់១០ម៉ឺនរៀលចែកគ្នា, លើកទី២៖ ធ្វើសកម្មភាពលួចគាល់បន្ទប់ជួល នៅម្តុំអាគារលឿង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យកបានកង្ហារ ចង្ក្រានហ្កាស និងសម្ភារផ្សេងទៀត យកទៅលក់បានប្រាក់៨ម៉ឺនរៀល, លើកទី៣៖ ធ្វើសកម្មភាពលួចគាស់បន្ទប់ជួល នៅមុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ យកបានកង្ហារ ចង្រ្កានហ្កាស យកទៅលក់បានប្រាក់១០ម៉ឺនរៀល, លើកទី៤៖ ធ្វើសកម្មភាពលួចគាល់បន្ទប់ជួលនៅមុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លួចមានកង្ហារ ចង្ក្រានហ្កាស លក់បានប្រាក់៧ម៉ឺនរៀល។បន្ទាប់មករូបគេ និងបក្ខពួកទាំង០៤នាក់នោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នៅក្នុងផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដាក់ឲ្យជាប់ពន្ធនាគារព្រៃស រយៈពេល០៤ឆ្នាំ។ រហូតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ រូបគេ បានចេញពីពន្ធនាគារមកវិញ បន្ទាប់មកក្នុងខែកក្កដា-សីហា ឆ្នាំ២០១៩ រូបគេបានធ្វើសកម្មភាពលួចឆ្កឹះសោរបង្អួចតែម្នាក់ឯង ចូលក្នុងបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង លួចយកទូរស័ព្ទដៃតាមបន្ទប់ ចំនួន៣០លើក បានសម្រេចប្រហែល១០លើក ហើយបានយកទូរស័ព្ទដែលលួចបានទៅលក់នៅផ្សារត្រពាំងថ្លឹង បានប្រាក់ចំនួន៣០ដុល្លារ ទៅ៥០ដុល្លារ។រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ រូបគេបានធ្វើសកម្មភាពលួចឆ្កឹះសោរបង្អួចបន្ទប់ជួល នៅចំណុចរោងចក្រប្រាំមួយជាន់ ភូមិត្រពាំងថ្លឹង លួចបានទូរស័ព្ទម៉ាករីវ៉ូ ពណ៌ក្រហម យកទៅលក់នៅផ្សារត្រពាំងថ្លឹង បានប្រាក់៣០ដុល្លាអាមេរិក រួចរូបគេទៅទិញគ្រឿងញៀនយកទៅប្រើប្រាស់ក្នុងបន្ទប់ជួល។ លុះដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខណៈពេលដែលរូបគេកំពុងជក់គ្រឿងញៀនក្នុងបន្ទប់ជួល ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថចុះមកឃាត់រូបខ្លួនតែម្តង។ ដោយឡែក ឈ្មោះ ម៉ៅ សុខ ហៅជា, ឈ្មោះ សាន្ត ភារៈ បានប្រាប់ឲ្យដឹងថា ពួកគេមិនដែលធ្វើសកម្មភាពលួចនោះទេ ប៉ុន្តែពួកគេធ្លាប់ប្រើប្រាស់គ្រឿងញៀន ជាមួយឈ្មោះ ភាន់ សុខា ហៅផាន់ ឌី (ឃាត់ខ្លួន) និងឈ្មោះ ធី រឹទ្ធ ហៅខ្មៅ (ឃាត់ខ្លួន) តែប៉ុណ្ណោះ៕