វីវរ​ហើយ​! សំណង់​១៤​កន្លែង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​តែ​កម្ទេច​ចោល​ជា​បន្ទាន់

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៦:០២
ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ដែលដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក​ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ជា​និង​ប្រធាន​គណៈ​កម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​មានការ​ចូលរួម​ពី​ម្ចាស់​សំណង់ និង​ម្ចាស់​ទីតាំង​ជួល​ដី​ចំនួន​១៤​ទីតាំង ដែល​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​បាន​ពិនិត្យ​ឃើញ​ថា សំណង់​ទាំងនេះ​មិន​មានគុណ​ភាព ​ហើយ​អាច​ប្រឈម​នឹង​ហានិភ័យ​ដល់​អ្នក​រស់នៅ​ក្នុង​សំណង់​នោះ និង​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ជុំវិញ​សំណង់​នោះ​ផង​ដែរ​។
ដើម្បី​បញ្ជៀ​ស​នូវ​បញ្ហា និង​ហានិភ័យ​ទាំងឡាយ​ដែល​កើត​មាន​ដោយសារ​សំណង់​គ្មាន​គុណភាព​ទាំងនេះ លោក ឡៅ ទិព្វ​សីហា និង​លោក គួ​ច ចំរើន បាន​រំលឹក​ជា​លើក​ចុង​ក្រោយ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​ទីតាំង​សំណង់​ទាំងនោះ​ត្រូវ​ធ្វើការ​រុះរើ​ចេញ​ជា​បន្ទាន់ និង​មិន​ចាំបាច់​រង់ចាំ​រក​ការ​អន្តរាគមន៍​ណាមួយ ដើម្បី​ជួយ​ទប់ស្កាត់​នូវ​ការ​រុះរើ​ចេញ​នោះ​ទេ​។ ក្នុង​ករណី​ដែល​ម្ចាស់​សំណង់​ទាំងនេះ​មិន​រុះរើ​ចេញ​នោះ​ទេ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​អនុវត្ត​ទៅ​តាម​នីតិវិធី ។
លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ​រំពឹង​ថា ម្ចាស់​ទីតាំង​ទាំងនេះ​នឹង​ធ្វើការ​រុះរើ​សំណង់​របស់​ខ្លួន​ចេញ​ឲ្យ​បាន​លឿន​បំផុត​បន្ទាប់​ពី​សំណង់​ទាំងអស់​បាន​រុះរើ​ហើយ ។ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​នឹង​ជួយ​សម្រួលការ​គូរ​ប្លង់​ពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ចេញ​លិខិតអនុញ្ញាត​សាងសង់​ឡើង​វិញ​អោយ​បាន​ឆាប់ ដើម្បី​ជា​ការ​ប៉ះប៉ូវ​នូវ​ការ​ខូចខាត​នេះ​។គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ សំណង់​ដែល​តម្រូវ​អោយ​រុះរើ​ចេញ​វិញ​មាន​រហូត​ទៅ​ដល់​១៥​ទីតាំង​ហើយ​បូក​រួម​ទាំង​សំណង់​មាន​យីហោផ្ទះ​នាគ នៅ​ចំណុច​រង្វង់​មូល​តោ​ពីរ​ផង​។បើ​យោង​តាម​លោក គាត សា​វ័ន ប្រធាន​ការិយាល័យ​សំណង់​នៃ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា ក្នុង​នោះ​ក៏​មាន​សំណង់​បេតុង​ចំនួន​២ទីតាំង​ និង​សំណង់​គ្រោង​ដែក​មាន​ចំនួន​១៣​ទីតាំង​៕