ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំលឹកនិស្សិត ហុង ភារិនថា «ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវយកចំណេះមកបម្រើជាតិ», ភារិន មានបំណងប្រឡងការចងចាំពិភពលោកនៅចិន

  • ពុធ ០៤ កញ្ញា, ២០១៩ ០៩:៤១
(ភ្នំពេញ)៖ ដោយក្តីជាប់ចិត្តជាមួយចំណេះ និងសមត្ថភាពអស្ចារ្យរបស់និស្សិត ហុង ភារិន, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះបានឆ្លៀតពីការងារមមាញឹករបស់ខ្លួនអនុញ្ញាតឱ្យ ហុង ភារិន បានចូលជួបសម្តែងការគួរសម និងផ្តល់ដំបូន្មានមួយចំនួនសម្រាប់ឱ្យនិស្សិតរូបនេះស្វែងរកភាពជោគជ័យក្នុងជីវិត។កាលពីពេលថ្មីៗនេះ និស្សិត ហុង ភារិន បានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជា «អច្ឆរិយកម្ពុជា» ថែមទៀតផង។ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស២នាក់ និស្សិតឆ្នើម ហុង ភារិន មានអាយុ២៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយស្ថិតក្នុងគ្រួសារកសិករមានជីវភាពលំបាក ឪពុក ម្តាយបានលែងលះគ្នា ភារិន បានខិតខំតស៊ូប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ព្រះរាជទានថ្នាក់បរិញ្ញាបត្រ ប្រចាំសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ ឯកទេសអភិវឌ្ឍន៍ជនបទ។ ក្តីសុបិន្តរបស់និស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រឆ្នាំទី៤រូបនេះ គឺចង់យកចំណេះដឹងដែលខ្លួនបានខិតខំរៀនសូត្រមកអភិវឌ្ឍប្រទេសជាតិ។ក្នុងជំនួបសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាបុគ្គលមានអតីតភាពកម្សត់ដូចភារិនដែរនោះ បានទទួលស្វាគមន៍ និងកោតសរសើរចំពោះទេពកោសល្យរបស់ ភារិន។ លោករដ្ឋមន្ត្រី ដែលមានអតីតភាពជាកូនកសិករក្នុងស្រុកកោះធំ ខេត្តកណ្តាល ហើយតស៊ូសិក្សារៀនសូត្ររហូតបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Harvard របស់អាមេរិក បានក្រើនរំលឹកឲ្យ ភារិន ខិតខំប្រឹងប្រែងបង្កើនសមត្ថភាពខ្លួនបន្តទៅមុខទៀតដោយមិនត្រូវភ្លេចខ្លួនឡើយ។បន្ថែមពីលើនេះ លោកបានលើកឡើងអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកទាំងការសិក្សារៀនសូត្រ និងការបំពេញការងារក្នុងវិស័យឯកជន និងវិស័យសាធារណៈ និងបានជំរុញលើកទឹកចិត្តឱ្យ ភារិន មានស្មារតីស្រឡាញ់សង្គមជាតិ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ខ្លួនជាកូនខ្មែរ មានបេះដូងជាខ្មែរ ត្រូវយកចំណេះជំនាញដែលខ្លួនមានមកបម្រើប្រទេសជាតិវិញផងដែរ។លោករដ្ឋមន្ត្រី បានផ្តល់ជូននូវឃ្លាទូន្មានជាភាសាអង់គ្លេសថា «I Must Study Harder» ប្រែថា «ខ្ញុំដាច់ខាតត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឲ្យកាន់តែខ្លាំងឡើង» ដល់ភារិន ដើម្បីជំរុញលើកទឹកចិត្តឱ្យ ភារិន កាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត។ជាការឆ្លើយតប ហុង ភារិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកទេសរដ្ឋមន្ត្រី ដែលតែងតែជួយគាំទ្រ និងលើកទឹកចិត្ត ដល់និស្សិតឆ្នើមរបស់កម្ពុជានាពេលកន្លងមក រួមទាំងខ្លួនលោកផ្ទាល់ផងដែរ។លោកប្តេជ្ញាថា នឹងខិតខំប្រឹងរៀនសូត្របន្ថែមទៀតតាមអនុសាសន៍ណែនាំ ដើម្បីចែករំលែកចំណេះដឹងរបស់លោកដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជាសម្រេចក្តីសុបិន្តរបស់លោកក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។ ភារិន បន្ថែមទៀតថា លោកមានបំណងចូលរួមប្រកួតសមត្ថភាពនៃការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូ ខាងមុខនេះ នៅប្រទេសចិន ក្នុងគោលបំណងបង្ហាញពីសមត្ថភាពកូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ៕