ភ្លៀងខ្លាំងបំផ្លាញផ្លូវទៅច្រកអានសេះ ក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ និងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ក្មេងតូចម្នាក់ និងម៉ូតូមួយគ្រឿងត្រូវទឹកគួចហូរយកទៅបាត់

  • ពុធ ០៤ កញ្ញា, ២០១៩ ១៥:៥១
(ព្រះវិហារ)៖ ប្រព័ន្ធសម្ពាធទាប និងឥទ្ធិពលព្យុះទី១៤ កាហ្ស៊ីគី កំពុងជះឥទ្ធិពលនៅប្រទេសកម្ពុជា ដែលនាំឲ្យតំបន់ជាច្រើន ជាពិសេសនៅតំបន់ជួរភ្នំដងរែក មានភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានទឹកជំនន់កើតឡើងប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើន។ជាក់ស្ដែងនៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ជំនន់ទឹកភ្លៀងកំពុងតែវាយប្រហារយ៉ាងខ្លាំង បណ្ដាលឲ្យផ្លូវមួយចំនួនត្រូវទឹកជន់លិច និងរងការខូចខាតផងដែរ។ តាមរបាយការណ៍របស់អាជ្ញាធរ ក្មេងម្នាក់ រួមទាំងម៉ូតូមួយគ្រឿង ត្រូវបានទឹកហូរគួចយកទៅបាត់ មិនទាន់រកឃើញសាកសពនៅឡើយទេ រហូតមកដល់ពេលនេះ។លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះថា ភ្លៀងបានបន្ដធ្លាក់ ក្នុងរយៈពេលមួយសប្ដាហ៍មកហើយ បណ្ដាលឲ្យទឹកលិចនៅ៤គោលដៅ ក្នុងនោះ លិចផ្លូវ និងបំផ្លាញផ្លូវប្រវែង១៥០ម៉ែត្រ ឆ្ពោះទៅច្រកអានសេះ, លិចផ្លូវលេខ៦៩, លិចផ្លូវចូលទៅកាន់ភូមិធម្មជាតិ និងលិចផ្លូវចូលទៅឃុំយាវ ដែលមិនអាចធ្វើដំណើរបាន។អភិបាលស្រុករូបនេះ បានបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀង ក៏បានហូរគួចយកក្មេងទៅម្នាក់ និងម៉ូតូមួយគ្រឿងរបស់ពលរដ្ឋ ដែលរហូតមកដល់ថ្ងៃនេះមិនទាន់រកឃើញសាកសពនៅឡើយទេ ហើយអាជ្ញាធរ និងកាកបាទក្រហម បានយកអំណោយជូនសាច់ញាតិជនរងគ្រោះផងដែរ។ដោយឡែក នៅឯស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យឯណោះវិញ ជំនន់ទឹកភ្លៀងក៏បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ។ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News អភិបាលស្រុកអន្លង់វែង លោក ហោ ជិនវីរៈយុទ្ធ បានបញ្ជាក់ថា ភ្លៀងបានធ្លាក់នៅក្នុងស្រុកអន្លង់វែង ហើយធ្លាក់ខ្លាំងនៅយប់មិញ ដែលបានបណ្តាលឱ្យទឹក មានការកើនឡើងជាគំហុក ធ្វើឱ្យស្ថានភាពជំនន់ទឹកភ្លៀង នៅបឹងតាម៉ុក ស្រុកអន្លង់វែង កើនដល់ចំណុចប្រកាសអាសន្ន ហើយក៏បានប៉ះពាល់ដល់ការដាច់ផ្លូវ មិនអាចធ្វើដំណើរពីទីរួមស្រុក ទៅកាន់ភូមិចាររហាល ឃុំលំទង ចំនួន០៧កន្លែងផងដែរ និងផ្លូវក្រាលគ្រួសក្រហមត្រូវបំផ្លាញទាំងស្រុង។លោកអភិបាលស្រុកអន្លង់វែង បានបញ្ជាក់ទៀតថា ហេតុព្រោះទឹកជំនន់នេះបានកើតឡើងនៅព្រឹកនេះតែម្តង ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំ នៅក្នុងស្រុកត្រពាំងប្រសាទខ្លាំង នៅយប់មិញនេះ ហើយបើតាមលំហូរនៃទឹកជំនន់នេះ អាចនឹងមានជំនន់ខ្លាំងដូចទៅនឹងឆ្នាំ២០១៧ ផងដែរ។លោកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងជំនន់ដោយទឹកភ្លៀងនេះ រដ្ឋបាលស្រុកអន្លងវែង បានដាក់ចេញនូវវិធានការណ៍ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងត្រៀមជម្លៀស ពលរដ្ឋមួយចំនួន ទៅកាន់ទីទួលសុវត្ថិភាព ក្នុងនោះ រដ្ឋបាលស្រុកអន្លងវែង ក៏បានដាក់ឱ្យកងកម្លាំងចាំជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ និងបានដាក់គ្រូពេទ្យនៅប្រចាំអន្តរាគមន៍ដើម្បីចាំជួយ ព្យាបាល និងជួយសង្គ្រោះប្រជាពលរដ្ឋបណ្តោះអាសន្ន មុននឹងបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្នុងករណីចាំបាច់ផងដែរ៕