ហួសហេតុ! គ្រាន់តែក្មេងទាត់បាល់ត្រូវមិត្តស្រីបន្តិចសោះ ស្រាប់តែស្ទុះរត់ទៅធាក់គ្នា ឡើងប៉ើងដូចសម្លី... (មានវីដេអូ)

ចិន៖ ក្មេងប្រុសជនជាតិចិនម្នាក់ បានរងរបួសយ៉ាងដំណំ ដោយសារតែត្រូវបុរសចិត្តខ្លាំងម្នាក់ បានស្ទុះមកធាក់ឡើងប៉ើងដូចសម្លី ក្រោយខឹងនឹងក្មេងនោះ ទាត់បាល់ត្រូវមិត្តស្រីរបស់ខ្លួន ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងផ្ទុះកំហឹងយ៉ាងខ្លាំង។  ហេតុការណ៍មួយនេះ បានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ស្ថិតនៅក្នុងតំបន់សហគមន៍មួយ ក្នុងទីក្រុង Huai’an ខេត្ត Jiangsu ប្រទេសចិន។ បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា មូលហេតុឈានដល់ការកើតមានហិង្សាបែបនេះ ក៏ដោយសារតែ នៅក្នុងថ្ងៃកើតហេតុនោះ ក្មេងប្រុសមិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ បានទាត់បាល់ជ្រុលទៅប៉ះនឹងនារីម្នាក់ ដែលកំពុងតែជិះម៉ូតូកូនទាកាត់ទីនោះ (Scooter) ។ ពោលគឺ នាងអង្គុយនៅពីក្រោយ ខណៈដែលមិត្តប្រុសរបស់នាងជាអ្នកបើក។
រូបភាពក្នុងថ្ងៃកើតហេតុ
ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើតហេតុ គឺបានបង្ហាញឲ្យឃើញ ពីសកម្មភាពរបស់គូស្នេហ៍នោះ ដោយនារីរងគ្រោះបានចុះពីលើម៉ូតូ ខណៈមើលទៅនាងដូចជាឈឺចាប់ខ្លាំង និងរមួលអង្គុយលើដី។ ចំណែកឯ បុរសជាសង្សារក្រោយបានឃើញបែបនេះ ក៏បានវាយចន្ទល់ម៉ូតូ ហើយរត់ស្ទុះទៅធាក់ក្មេងប្រុសនោះទាំងកំរោល ប៉ើងដូចសម្លីតែម្តង។ ជុំវិញនឹងករណីនេះ ម្តាយរបស់ក្មេងប្រុសរងគ្រោះបាននិយាយថា កូនប្រុសរបស់គាត់បានរងរបួសយ៉ាងដំណំ ដោយមានស្នាមជាំ និងគ្រាំក្នុង។ ពោលគឺ មិនត្រឹមតែរបួសលើរូបរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ដល់ផ្លូវចិត្តកូនប្រុសរបស់គាត់យ៉ាងធ្ងន់ធ្ងរថែមទៀតផង។ស្រ្តីជាម្តាយរូបនេះ បានបញ្ជាក់ថា ព្រោះជាក់ស្ដែង តាំងពីមានរឿងបែបនេះមក កូនប្រុសរបស់គាត់មានបញ្ហាជាមួយនឹងការគេងជាខ្លាំង ព្រោះតែគេហាក់មានការព្រួយបារម្ភ ក៏ដូចជាភ័យតក់ស្លុត ខ្លាចក្រែងមានការវាយតប់លើរូបគេបែបនេះជាថ្មីម្តងទៀត។  គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ប៉ូលិសក៏បានធ្វើការស៊ើបអង្កេត រហូតឈានដល់ការឃុំខ្លួនបុរសជាជនបង្កនោះ រយៈពេល១២ថ្ងៃផងដែរ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​ទស្សនាវីដេអូខាងក្រោម៖