អ្នកនាំពាក្យក្រសួងអប់រំ៖ ដំណើរការបូកសរុបពិន្ទុប្រឡងបាក់ឌុបតាមប្រព័ន្ធកុំព្យូទ័រសម្រេចបាន៦០% ខណៈសប្ដាហ៍ក្រោយនឹងប្រកាសលទ្ធផល

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ០៨:០២
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ដំណើរការបូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុដោយប្រព័ន្ធកុំព្យូទ័រ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រេចបានប្រមាណ៦០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៨ ខែកញ្ញា។ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៤ ខែកញ្ញានេះ លោក រស់ សុវាចា បានបញ្ជាក់ថា សម្រាប់ការប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងតាមការគ្រោងទុក នៅសប្ដាហ៍ក្រោយ ពោលលទ្ធផលនឹងប្រកាសនៅថ្ងៃទី១០ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១១ ខែកញ្ញា សម្រាប់បណ្ដាខេត្តផ្សេងៗ។អ្នកនាំពាក្យក្រសួងអប់រំ បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងការងារស្រងបូកពិន្ទុដោយកុំព្យូទ័រ ហើយការផ្ទៀងផ្ទាត់ពិន្ទុ មកដល់ពេលនេះ គឺក្រសួងបានសម្រេច៦០ភាគរយ ទៅតាមកាលវិភាគដែលបានគ្រោងទុក ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញាខាងមុខនេះ។ ហើយចំណែកការប្រកាសលទ្ធផល នឹងប្រព្រឹត្តទៅតាមកាលវិភាគដែលបានគ្រោងទុក»។សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាព មិនប្រក្រតីធំដុំ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនគោរពតាមបទប្បញ្ញត្តិ នៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុបចំនួន១,៨៣៨នាក់ ស្រី៦៩៦នាក់ ត្រូវជា១.៥៧ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។ មុខវិជ្ជាប្រឡងមានចំនួន៧ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្រ្តសង្គម។ ថ្នាក់វិទ្យាសាស្ត្រមានមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ៕