ក្នុងខែសីហា មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគពីសប្បុរសជន នូវទឹកប្រាក់ជាង១,៤០០លានរៀល និងជាង២២ម៉ឺនដុល្លារ

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ០៨:០៥
(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាចំនួន២២០,៧៨៣ដុល្លារ និង១,៤១៥,៤១៦,៩៤៦រៀល ពីសប្បុរសជន ក្នុងខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញានេះ។ថវិកាទាំងនេះផ្ដល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងការពិនិត្យ និងព្យាបាលជំងឺដល់កុមារ និងទារកដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ នៅខែសីហា មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ទទួលបានសមាជិកបន្ថែមសរុបចំនួន ១៤,៣៣៩ រូបរួមមាន៖ សមាជិកកិត្តិយស៦រូប, សមាជិកគាំទ្រ១១,១៦៧រូប និងសប្បុរសជនផ្សេងៗចំនួន ៣,១៦៦រូប។មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមលើកទឹកចិត្ត ដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគ ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី២០លានរៀលក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី៥ពាន់រៀល ក្នុងមួយខែ៦ម៉ឺនរៀលក្នុងមួយឆ្នាំ។ ក្នុងករណីលោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមក លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងាររៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ ក្នុងបញ្ជីរួមតែមួយដែលបង្ហាញពី សាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕