បុរស​ម្នាក់​ទើប​ចេញពី​ភោជនីយដ្ឋាន​ភ្លាម​… អស់​ជិត​២​ម៉ឺន​ដុល្លារ

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៥:២៦
រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​ចេញពី​ភោជនីយដ្ឋាន​របស់​មិត្តភក្តិ​ភ្លាម ស្រាប់តែ​ត្រូវ​ចោរឆក់​កាបូប​អស់​លុយ​១​ម៉ឺន​៧​ពាន់​ដុល្លារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​មុខ​ភោជនីយដ្ឋាន សាន សុំា​ង នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។តាម​ប្រភព​ពី​អ្នកបកប្រែ​ភាសា​ចិន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ចូល​ភោជនីយ​ដ្ឋាន​ខាងលើ​ដែល​ត្រូវជា​ហាង​មិត្តភក្តិ​របស់​គាត់ លុះ​នៅ​ម៉ោង​កើតហេតុ​គាត់​បាន​រៀប​ចំ​ធ្វើ​ដំណើរ​ចេញ​ទៅ​វិញ ដោយ​ដើរមក​អែប​រថយន្ត​របស់​គាត់​ដែល​ទុក​នៅ​ចិញ្ចើម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ភោជនីយដ្ឋាន​ខាងលើ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក និង​ស្លាក​លេខ ដោយ​ជិះ​បញ្ច្រាស​ចរាចរណ៍​ពី​ត្បូង​ទៅ​ជើង ហើយ​មិន​មាន​មួក​សុវត្ថិភាព​ឡើយ បន្ទាប់​មក​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​របស់​ជន​រង​គ្រោះ រួច​ក៏​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ជន​រង​គ្រោះ​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​កាបូប​របស់​គាត់​នោះ មាន​លុយ​១​ម៉ឺន​៧​ពាន់​ដុល្លារ មាន​លិខិតឆ្លងដែន និង​កាត​ធនាគារ​មួយ​ចំនួន​ទៀត​ផង ។អ្នកបកប្រែ​ភាសា​ចិន​ខាងលើ​បាន​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ ភោជនីយដ្ឋាន​ខាងលើ​មាន សន្តិ​សុខ​នៅ​យាម តែ​នៅ​ថ្ងៃ​កើតហេតុ​នេះ​សន្តិសុខ​សុំ​ឈប់​សម្រាក ដោយ​មិន​មាន​សន្តិសុខ​ប្តូរ​ជំនួស​ឡើយ​។ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​បងប្អូន និង​អ្នកបកប្រែ​ភាសា​ចិន​មក​ទីតាំង​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឱ្យមក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។ ភ្លាម​ៗ​នោះ ដោយ​មានកំ​លាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់ ហើយ​ជន​រង​គ្រោះ និង​អ្នកបកប្រែ​ភាសា​​ចិន​ខាងលើ បាន​ប្រាប់​ទៅ​សមត្ថកិច្ច​តាម​ដំណើររឿង​ជា​បន្តបន្ទាប់ ។ ក្រោយមក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បានឱ្យ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ ហើយ​សមត្ថកិច្ច​រង់ចាំ​ទទួល​ពាក្យ​បណ្ដឹង និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ​មក​ផ្តល់​ន្ទា​ទោស​តាម​ច្បាប់៕