ឃើញកាបូបប្លុងចោល ហៅ​បុរសចិនបាត់​ជិត​២ម៉ឺនដុល្លារមក​មើល ចុង​ក្រោយ​…(មានវីដេអូ)

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៥:២៩
រាជធានី​ភ្នំពេញ ៖ មានករណី​​អ្នកភូមិ​ប្រទះ​ឃើញ​កាបូបស្ពាយ​មួយ​​ហើយ​សង្ស័យថា​​​ជា​របស់​ជនជាតិ​ចិន​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល​ដោយ​ពុំ​ដឹង​ថា​មានជាប់ពាក់ព័ន្ធនឹងករណី​លួច, ឆក់ ឬ​ប្លន់​មក​ពី​កន្លែង​ណា​នោះ​ទេ ប៉ុន្តែ​ត្រូវបាន​គេ​សង្ស័យ​ថា​ក្រុម​ជនសង្ស័យ​រើ​កកាយ​យក​តែ​លុយ​និង​របស់​មាន​តម្លៃ​រួច​ប្លុង​កាបូប​នេះ​ចោល ហើយ​គេចខ្លួន​បាត់​ស្រមោល​។ពាក់ព័ន្ធ​នឹងករណី​ខាងលើនេះ មុន​ដំបូង​ត្រូវ​បាន​នគរបាល​សន្និដ្ឋាន​ថា កាបូប​មួយ​​​ខាងលើ​នេះ​គឺជា​របស់​ជនជាតិ​ចិន​ដែល​ត្រូវ​ក្រុមជនសង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​អស់​ជិត​២​ម៉ឺន​ដុល្លារ ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៤ ខែ​កញ្ញា​ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​«​សាន សាំង​»​ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​ការ​ពិនិត្យ​ និងយក​​កាបូប​ខាងលើនោះ​ទៅ​ឲ្យ​ជន​រង​គ្រោះ​មើល​ដោយ​ផ្ទាល់ ទើប​ដឹង​ថា​ពុំ​មែន​​ជា​របស់​ជនរងគ្រោះ​ឡើយ​ ហើយ​ត្រូវបាន​នគរបាលសន្និដ្ឋានថា​គឺជា​​ករណី​​មួយ​ផ្សេង​ទៀត​ និង​រក​ម្ចាស់​​កាបូប​ខាងលើមិន​ទាន់​ឃើញ​នៅឡើយ​ទេ​។ហេតុការណ៍​​អ្នក​ភូមិ​ប្រទះ​ឃើញកាបូប​មួយត្រូវជនសង្ស័យ​ប្លុងចោល​ខាងលើនេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវលំ​ ក្នុង​ព្រៃ​ឈើទាល ស្ថិត​នៅ​ខាងកើត​វត្ត​ជន្លង់ម្លូរ ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។តាម​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​​កាបូបស្ពាយ​នោះ​មានកូន​កាបូបស្ពាយ​ចំហៀងចំនួន​១, កូន​កាបូបដៃ​ដាក់​លុយ​ចំនួន​២, លិខិតឆ្លងដែន​ចំនួន​១, សៀវភៅ​ការ​ងារ​ជនបរទេស​ចេញ​ដោយ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១​សន្លឹក ព្រមទាំង​សម្លៀក​បំពាក់​មួយ​ចំនួន​ទៀត រីឯ​លុយ​គ្មាន​ឡើយ​​ត្រូវបាន​គេ​​សង្ស័យ​ថា​ត្រូវ​ជនសង្ស័យ​យក​ទៅ​បាត់​ ។​ នគរបាល​បាន​កំណត់​អត្ត​សញ្ញា​ណ​ម្ចាស់​កាបូប​នេះ​នៅ​ក្នុង​លិខិតឆ្លងដែន​ និង​សៀវភៅ​ការងារ​ដែល​ជា​អក្សរ​ឡា​តាំង​ឈ្មោះ​ SUN GUOQING ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​ក្រុមហ៊ុន​SELF EMPLOYED ។តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ ​មាន​អ្នក​ភូមិ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ ស្រាប់តែ​​ប្រទះ​ឃើញ​កាបូប​មួយ​ខាងលើ​ រួច​ក៏​បាន​រាយការណ៍​ជូន​កម្លាំង​ប្រជា​ការពារ​ភូមិ​ឲ្យ​ចុះ​ទៅ​មើល ​លុះ​​ពេល​​ចុះមក​​ដល់​ពិនិត្យ​ឃើញជាក់ស្ដែង ​ទើប​​​ប្រជា​ការពារ​ភូមិ​ក៏​បាន​រាយការណ៍​បន្ត​ជូន​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ឲ្យ​ចុះ​​មក​​យក​កាបូបមួយ​ខាងលើនេះ​ទៅ​រក្សា​ទុក​ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ ។​ ខណៈនោះ​នគរបាល​បាន​សង្ស័យ​ថា​ជា​រប​ស់បុរសជន​ជាតិចិន​ម្នាក់​ដែល​ត្រូវ​ជនសង្ស័យធ្វើ​សកម្មភាព​ឆក់​កាបូប​កាលពី​វេលា​យប់​ថ្ងៃទី​៤ ​កញ្ញា​ ព្រោះ​ក្រោយ​ពេល​កើតហេតុ​ នគរបាល​​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយទេ​ ដោយសារ​តែ​ពេល​កើតហេតុ​ភ្លាម​ៗនោះ​ ​ជន​រង​គ្រោះ​មិន​ទាន់​បាន​ទៅ​ដាក់​ពាក្យ​​បណ្តឹង​ទាំង​យប់​នោះ​ទេ​។​តាម​ប្រភព​​ព័ត៌មាន​បាន​បន្ត​ទៀត​ថា លុះ​រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ទើប​បុរស​ជនជាតិ​ចិន​​​ដែល​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ហើយ​កម្លាំង​នគរបាល​ធ្វើការ​ពិនិត្យ​ជាក់ស្ដែង​ និង​ឲ្យ​បុរស​​រងគ្រោះ​មើល​កាបូប​ដែល​ជនសង្ស័យ​ប្លុង​ចោល​នោះ​ដោយ​ផ្ទាល់ ហើយ​​បុរសរងគ្រោះ​បាន​បដិសេធនថា​ ពុំ​មែន​ជាកាបូប​​របស់​គាត់​ឡើយ​ ព្រមទាំង​បាន​ប្រាប់​នគរបាល​ថែម​ទៀត​ថា នៅ​ក្នុង​កាបូប​របស់​គាត់​ដែល​​ត្រូវ​ជនសង្ស័យ​ឆក់​យក​ទៅ​បាត់​នោះ​មាន​លុយ​ចំនួន​១៧.០០០​ដុល្លារ (​មួយ​ម៉ឺន​ប្រាំពីរ​ពាន់​ដុល្លារ​) ​និង​លិខិតឆ្លងដែន ព្រមទាំង​ឯកសារ​មួយ​ចំនួន​ទៀត​ផង​ដែរ​៕