ហាម​ផ្លោះ​របង! សំបុត្រ​ទស្សនា​កម្ពុជា ប៉ះ​ហុងកុង​លក់​អស់​ហើយ

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៦:០៣
(ភ្នំពេញ)៖ សំបុត្រចូលទស្សនាការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា និងហុងកុង នាវេលាម៉ោង ៦៖៣០នាទី ល្ងាចនេះ ទាំងសំបុត្រប្រភេទ១ និងប្រភេទ២ បានលក់អសហើយ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍នេះ។ការប្រកាសដំណឹងគួរឲ្យសោកស្ដាយ សម្រាប់អ្នកមិនទាន់បានទិញសំបុត្រនេះ សបញ្ជាក់ឲ្យឃើញថា ការប្រកួតជើងទី១ ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី រវាងកម្ពុជា និងហុងកុងល្ងាចនេះ នឹងមានអ្នកទស្សនាផ្ទាល់មិនតិចជាង ៥ម៉ឺននាក់ឡើយ ខណៈពហុកីឡដ្ឋានជាតិ មានសមត្ថភាពអាចផ្ទុកអ្នកគាំទ្រជាង ៥ម៉ឺននាក់ឯណោះ។ប៉ុន្ដែទន្ទឹមជាមួយគ្នា ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួន បានធ្វើការសំណូមពរយ៉ាងទទូចលើបណ្ដាញសង្គម ដោយស្នើកុំឲ្យអ្នកគាំទ្រ មានការផ្លោះរបងចូលពហុកីឡដ្ឋានជាតិដូចកាលពី ៤-៥ឆ្នាំមុន នៅពេលសំបុត្រលក់ អស់ដូចពេលនេះដែរ។ ការសំណូមពររបស់មហាជន និងអ្នកគាំទ្រ ដោយសារពួកគេចង់ឲ្យអ្នកគាំទ្រកម្ពុជា រក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងចៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៦ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ក៏បានលក់សំបុត្រអស់មុន កាលកំណត់ ពេលក្រុមគោព្រៃកម្ពុជាធ្វើការប្រកួតផងដែរ ហើយចំនួនអ្នកគាំទ្រចូលរួមទស្សនាជាក់ស្ដែង ត្រូវបានគេសន្និដ្ឋានថា មានរហូតលើស ៦ម៉ឺននាក់ឯណោះ។ តែអ្វីដែលធ្វើឲ្យមហាជនខកចិត្តពេលនោះ គឺមានអ្នកគាំទ្រមួយចំនួន បានធ្វើសកម្មភាពផ្លោះរបងចូលពហុកីឡដ្ឋានជាតិ ដ្បិតពួកគេមិនមានសំបុត្រចូល ទស្សនាផ្ទាល់។ ហេតុនេះហើយ ទើបមានមហាជនអំពាវនាវដូចខាងលើ៕