ផ្អាក​ការ​ដឹក​ជញ្ជូន​កសិផល​បណ្ដោះ​អាសន្ន នៅ​ស្រុក​អន្លង់​វែង ដោយ​សារ​តែ​ទឹក​ជន់​លិច​ផ្លូវ

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៦:០៩
(ឧត្តរមានជ័យ)៖ អភិបាលស្រុកអន្លង់វែង លោក ហោ ជិនវីរៈយុទ្ធ បានប្រាប់ ឲ្យដឹងថា រហូតមកដល់ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថានភាពទឹកនៅជន់លិចផ្លូវខ្លាំងដដែល មិនទាន់មានការថយនោះឡើយ។អាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចផ្អាកការដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន នៅក្នុងមូលដ្ឋានស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយសារតែខ្លាចខូចខាតផ្លូវ ព្រោះទឹកកំពុងជន់លិចខ្លាំងនៅ តំបន់មួយចំនួន ពិសេសនៅចំណុចស្ពានតាម៉ុក។ដោយឡែក ចំពោះទំហំនៃការខូចខាតនោះ លោកអភិបាលស្រុកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពោលរង់ចាំស្ថានភាពទឹកត្រឡប់ទៅធម្មតាវិញសិន។គួរជម្រាបថា ភ្លៀងបានធ្លាក់នៅក្នុងស្រុកអន្លង់វែង ហើយធ្លាក់ខ្លាំងនៅយប់មិញ ដែលបានបណ្តាលឲ្យទឹក មានការកើនឡើងជាគំហុក ធ្វើឲ្យស្ថានភាពជំនន់ទឹកភ្លៀង នៅបឹងតាម៉ុក ស្រុកអន្លង់វែង កើនដល់ចំណុច ប្រកាសអាសន្ន ហើយក៏បានប៉ះពាល់ដល់ការដាច់ផ្លូវ មិនអាចធ្វើដំណើរពីទីរួមស្រុក ទៅកាន់ភូមិចាររហាល ឃុំលំទង ចំនួន០៧កន្លែងផងដែរ និងផ្លូវក្រាលគ្រួសក្រហមត្រូវបំផ្លាញទាំងស្រុង។លោកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងជំនន់ដោយទឹកភ្លៀងនេះ រដ្ឋបាលស្រុកអន្លងវែង បានដាក់ ចេញនូវវិធានការណ៍ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងត្រៀមជម្លៀស ពលរដ្ឋមួយចំនួន ទៅកាន់ទីទួលសុវត្ថិភាព ក្នុងនោះ រដ្ឋបាលស្រុកអន្លងវែង ក៏បានដាក់ឲ្យកងកម្លាំង ចាំជួយសង្គ្រោះស្រូវរបស់ ប្រជាពលរដ្ឋ និងបានដាក់គ្រូពេទ្យនៅប្រចាំអន្តរាគមន៍ដើម្បីចាំជួយ ព្យាបាល និងជួយសង្គ្រោះប្រជាពលរដ្ឋ បណ្តោះអាសន្ន មុននឹងបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្នុងករណីចាំបាច់ផងដែរ៕